អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នាថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ពិធីនេះនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប (ជាន់ទី១) តាមកម្មវិធីដូចខាងក្រោម៖
សុន្ទរកថាបើករបស់ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប
ការបង្ហាញនីតិវិធីនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ
ការយាងចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ
ការប្រកាសលទ្ធផលនៃការចាប់ឆ្នោតដោយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕