សេចក្តីប្រកាសព័ត៌មានរបស់អ្នកនំាពាក្យ គ.ជ.ប លេខ ០៨១ គ.ជ.ប ស្តីពីគណបក្សនយោបាយចំនួន ៤ បានចូលរួមក្នុងពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់ លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី នៅសាលសន្និសីទ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។


ពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះវត្តមានសម្តេចព្រះមហាអរីយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង សមាជិកគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ ព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយរួមជាមួយភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ជាច្រើននាក់ ។ 


ក្នុងពិធីនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ថ្ងៃនេះជាទិវា ដ៏ឱឡារិកដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលនឹងត្រូវបោះពុម្ពលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម បានបន្តថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅ យ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក។ 


ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរួចហើយនូវបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ១១.៧៤៧ នាក់។ ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឱ្យការប្តឹងតវ៉ា ឬប្តឹងជំទាស់ បន្ទាប់មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។


ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បន្តទៀតថា  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្ស នយោបាយនីមួយៗនៅលើសន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨ ។ ផ្អែកតាមបទពិសោធន៍ល្អក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏ដូចជាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល មុនៗ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លំដាប់លេខរៀងឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំពិធីនេះឡើង ដោយមានព្រះវត្តមានសម្តេចព្រះសង្ឃព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និមន្តធ្វើជា ព្រះរាជាធិបតី និងប្រទានការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា  ពិធីចាប់ឆ្នោតបានប្រព្រឹត្តទៅតាមនីតិវិធី មួយត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព ក្រោមព្រះវត្តមានសម្តេចព្រះសង្ឃព្រះរាជតំណាង សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងមានការសាទរពីគ្រប់មជ្ឈដ្ឋានជាក់ជាមិនខាន។ ហើយលទ្ធផលនៃការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត និងអង្គបោះឆ្នោត អាចស្គាល់ បានដោយងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តទៀតថា សូមឱ្យពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមប្រសិទ្ធពរជូនគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ ទទួលបានជោគជ័យក្នុងការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។


បន្ទាប់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងសុន្ទរកថាចប់ ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត បានប្រព្រឹត្តទៅតាមនីតិវិធី ហើយជាលទ្ធផលនៃការចាប់ឆ្នោតយកលំដាប់លេខរៀងនោះមានដូចខាងក្រោម ៖


១. គណបក្សប្រជាជនកម្ពុជា

២. គណបក្ស ឆន្ទៈខ្មែរ

៣. គណបក្សហ្វ៊ុនស៊ិនប៉ិច

៤. គណបក្ស កម្លាំងជាតិ

ពិធីនោះបានបញ្ចប់នៅវេលាម៉ោង ៩:២២នាទីព្រឹក នាថ្ងៃខែ និងឆ្នាំដដែល ប្រកបដោយជោគជ័យ៕  

   
 

 

    

 

 

 

 

 

 

ទាញយកកម្មវិធី(App) CamNEC News