គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គ-លេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធី បានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។
ឯកឧត្ដមបានជម្រាបជូនទៀតថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានផ្ញើជូន គ.ជ.ប កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។
បន្ទាប់ពីធ្វើការពិនិត្យ និងបានកែសម្រួលតាមការស្នើសុំរបស់តំណាងគណបក្សនយោបាយរួចរាល់ ជាលទ្ធផលតំណាងគណបក្សនយោបាយ ទាំង ៤ គណបក្ស គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោតរួចរាល់ហើយដែរ ដូចនេះការងារបន្ទាប់ គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពុម្ពសន្លឹកឆ្នោតឱ្យបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕