សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០២ គ.ជ.ប ស្តីពី បញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបានបិទផ្សាយនៅ លគធ.ខប និងនៅទីប្រជុំជនរាជធានី ខេត្ត

នាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ 
ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍ថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប
 
បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមានតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ (ស្ត្រី ១៧ នាក់) និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន ១១.៦២២ នាក់ (ស្ត្រី ២.៥៦៨ នាក់)។

ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍បន្តទៀតថា បញ្ជីបោះឆ្នោតដំបូងនេះត្រូវបានបិទផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ១ ច្បាប់ និងបិទផ្សាយនៅកន្លែងផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ ច្បាប់ ចំនួន ៣ កន្លែង។  ទន្ទឹមនឹងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ អ្នកបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតដំបូងនេះ នៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបាន ដោយបង់ថ្លៃគិតត្រឹមតម្លៃផលិត។ 

ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍បន្ថែមទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ៥ថ្ងៃ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យដើម្បីកែតម្រូវ តាមរយៈការប្ដឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និងដំណាក់កាលនៃបណ្តឹង។ ពាក្យបណ្តឹងមាន ពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំទាស់។ ឯកឧត្ដម បន្តថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃរាជធានី ខេត្តផ្សេងរួចហើយ។ ចំពោះពាក្យបណ្ដឹងជំទាស់អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមានសិទ្ធិបោះឆ្នោតដោយមិនមែនជាតំណាងរាស្ត្រក្នុងតំណែង ឬមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅក្នុងក្របខណ្ឌភូមិភាគនីមួយៗ និងករណី ដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។

ឯកឧត្ដម ហេង ស៊ីឡេង បានបញ្ជាក់ជូនថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ ១២០២ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងតាមឋានានុក្រមទៅ គធ.ខប គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ តាមដំណាក់កាល តាមនីតិវិធី និងពេលវេលានៃការដាក់ និងការទទួលពាក្យបណ្ដឹង។ ចំពោះការដោះស្រាយពាក្យបណ្តឹងនឹងធ្វើទៅតាម នីតិវិធី ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

ពាក់ពន្ធ័នឹងឯកសារសម្រាប់បោះឆ្នោត គ.ជ.ប បានឆ្លើយបញ្ជាក់ជូនភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះថា ឯកសារសម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្រ្តក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។

នេះជាកិច្ចប្រជុំលើកទីបួន ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនប្រមាណជាង ៦០នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News