សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៣ គ.ជ.ប ស្តីពីលទ្ធផល​នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
 

បន្ទាប់ពីបានពិភាក្សា និងពិនិត្យលើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១.    កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

២.    កែសម្រួល និងឯកភាពលើខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

* សេចក្តីសម្រេច ស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត 

* គំរូប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត 

* ខិត្តបណ្ណ ខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។
 


៣. ឯកភាពលើឯកសារ ចំនួន ៥ (ប្រាំ) សម្រាប់ធ្វើការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សរុបចំនួន ១៩៨រូប ដែលជា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៤. ក្នុងរបៀបវារៈផ្សេងៗ៖

* គ.ជ.ប សម្រេចដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ២០២៤។

* គ.ជ.ប បានពិនិត្យ និងសម្រេចលើឯកសារ ចំនួន ១៣ ឯកសារពាក់ព័ន្ធនឹងការប្រឡងប្រជែងផ្ទៃក្នុងប្ដូរប្រភេទក្របខណ្ឌមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ឆ្នាំ២០២៤

* អង្គភាពជំនាញបានធ្វើសេចក្តីរាយការណ៍ អំពីបណ្តឹងពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ សរុបចំនួន ២២ (ម្ភៃពីរ) ពាក្យបណ្តឹង នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៨ (ប្រាំបី) ដែលកំពុងធ្វើការដោះស្រាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្តឹងទាំងនោះ។
 

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយអង្គភាពជំនាញ សិក្សាស្រាវជ្រាវច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ គ.ជ.ប ធ្វើការដោះស្រាយក្នុងករណីមានពាក្យបណ្តឹងឡើងមកដល់ថ្នាក់ គ.ជ.ប។
 

យោងតាមច្បាប់ និងបទបញ្ជា និងនីតិវីធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង មានបីថ្នាក់ គឺនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
 

ទាញយកកម្មវិធី(App) CamNEC News