សេចក្តីជូនដំណឹងលេខ ០០៥ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖

- ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោត

- ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

- ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

- ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត។
 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ ព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ 
 

ទាញយកកម្មវិធី(App) CamNEC News