អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ក្នុងគោលបំណងឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដូចមានចែងក្នុង ច.ប.ព.ស ច.ប.ត.រ ប.ន.ព.ស និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដូចខាងក្រោម៖
I. ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត
ការហែក្បួនឃោសនាបោះឆ្នោត សំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងមណ្ឌលភូមិភាគ។
ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទត្រូវបាន កំណត់ទម្រង់ និងទំហំដូចខាងក្រោម៖
- មានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយនៅភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការ ចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង
- ចំនួនអ្នកចូលរួមមានចាប់ពី ២០ (ម្ភៃ) នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ ក្នុងការឃោសនាបោះឆ្នោតមាន៖
* រថយន្តចាប់ពី ២ (ពីរ) គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ១០ (ដប់) គ្រឿងឡើងទៅ
* ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ (ម្ភៃ) គ្រឿងឡើងទៅ
* ជលយានគ្រប់ប្រភេទចាប់ពី ៥ (ប្រាំ) គ្រឿងឡើងទៅ។
ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ (ពីរ) ដង នៅក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ។
ការហែក្បួនឃោសនាបោះឆ្នោតឆ្លងភូមិភាគ មិនត្រូវបានអនុញ្ញាតឡើយ។ គណបក្សនយោបាយ ដែលហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានី ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្ស នយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ គធ.ខប ពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។
II. ការជូនដំណឹងអំពីការហែក្បួនឃោសនាបោះឆ្នោត
គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប យ៉ាងហោចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះត្រូវបញ្ជាក់ឱ្យបានច្បាស់អំពី៖
- នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្រ្តៃយ៍របស់តំណាងគណបក្សនយោបាយ
- កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន
- ទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ
- ចំនួនអ្នកចូលរួម
- ចំនួនយានជំនិះតាមប្រភេទនីមួយៗ។
III. អំពីកិច្ចសហការ និងការអនុវត្ត
គធ.ខប ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា និង កម្មវិធីនៃការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។
គណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ បដា ឯកសារឃោសនាបោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។
គណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាលនានា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការ គ.ជ.ប ប្រធាន គធ.ខប អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។