គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់គណបក្សនយោបាយ មន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្ដីពីរបៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅទីស្ដីការ គ.ជ.ប ដែលមានឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ជាអធិបតីក្នុងពិធីបើកវគ្គ និងមានគ្រូឧទ្ទេស ដែលជាមន្រ្តីជំនាញបានធ្វើបទបង្ហាញពីរបៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ព្រមទាំងបានឱ្យសិក្ខាកាមអនុវត្តកម្មវិធីជាក់ស្ដែង ដើម្បីផ្ដល់ការយល់ដឹងច្បាស់លាស់ដល់សិក្ខាកាមទាំងអស់។
វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយពិធីបិទវគ្គ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម កែ រឹទ្ធិ អគ្គលេខាធិការរង គ.ជ.ប ។ ឯកឧត្ដមបានមានប្រសាសន៍ថា បន្ទាប់ពីបានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាថ្មីទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ។
ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការងារបោះឆ្នោតនេះ ក្នុងពេលថ្មីៗនេះ គ.ជ.ប បានចេញសេចក្ដីសម្រេចលេខ ០៥២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានកម្មវិធី ចំនួន ៣ ដូចខាងក្រោម៖
- កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និង
- កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹង។
ឯកឧត្ដម កែ រឹទ្ធិ បានជម្រាបជូនទៀតថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺដើម្បីផ្ដល់ភាពងាយស្រួល និងបញ្ចៀសនូវកំហុសឆ្គងមួយចំនួន ដូចជា៖
- បេក្ខជនខុសឈ្មោះ ឬ/និងទិន្នន័យ
- បេក្ខជនមិនគ្រប់អាយុសម្រាប់ការឈរឈ្មោះ
- បេក្ខជនឈរឈ្មោះច្រើនជាងមួយគណបក្សនយោបាយ
- បេក្ខជនឈរឈ្មោះច្រើនមណ្ឌល
- បេក្ខជនមិនបានអនុវត្តសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលលើកចុងក្រោយ។
ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ ឯកឧត្ដម កែ រឹទ្ធិ បានបញ្ជាក់ជូនថា គណបក្សនយោបាយអាចរៀបចំការចុះបញ្ជីដោយដៃ ឬតាមកម្មវិធីប្រព័ន្ធកុំព្យូទ័រដែលដាក់ឱ្យដំណើរការនេះក៏បាន។
គណបក្សនយោបាយដែលមានបំណងបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវដាក់ពាក្យសុំមក គ.ជ.ប ដែលកាលបរិច្ឆេទទទួលពាក្យ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រឹមវេលាម៉ោង ៥:៣០នាទីល្ងាច។
ដោយឡែក កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។
មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម កែ រឹទ្ធិ បានស្នើឱ្យគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយជោគជ័យ។
វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមផ្ទាល់ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយចំនួន ២១ គណបក្ស និងមន្រ្តីនៃទីស្ដីការ គ.ជ.ប និងមានការចូលរួមតាមរយៈវីដេអូសន្និសីទពីចម្ងាយពីមន្រ្តី គធ.ខប និងលេខាធិការដ្ឋាននៃ គធ.ខប ទាំង ២៥ សរុបទាំងអស់មានចំនួនជាង ២០០ នាក់៕