នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប ១៤ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ៤ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ។
ឯកឧត្ដម យិច សមិទ្ធិ បានគូសបញ្ជាក់អំពីសកម្មភាពដែលចាត់ទុកថាជាការឃោសនា បោះឆ្នោត រួមមាន៖
- ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន
- ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅតាមមណ្ឌលភូមិភាគនីមួយៗ ដែលគណបក្សនយោបាយមានបញ្ជីបេក្ខ-ជនឈរឈ្មោះបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ ដងប៉ុណ្ណោះ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត
- ការជួបជុំ ឬការឃោសនា នៅតាមផ្ទះ
- ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន
- សកម្មភាពចែកស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀត ដែលបោះពុម្ព ឬគូរ ឬផលិត ដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬ/និងបេក្ខជន
- សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្ដារបិទប្រកាសផ្សាយ ពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន
- ការប្រគំតន្ត្រីនៅទីកន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេងឃោសនាបោះឆ្នោត។ល។
ឯកឧត្តម យិច សមិទ្ធិ បានជម្រាបជូនក្នុងកិច្ចប្រជុំនោះអំពីការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ទម្រង់ និងទំហំដូចជា៖
- មានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង
- ចំនួនអ្នកចូលរួមមានចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត ដែលមាន៖
• រថយន្តចាប់ពី ២គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ចាប់ពី ១០គ្រឿងឡើងទៅ
• ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០គ្រឿងឡើងទៅ
• ជលយានគ្រប់ប្រភេទចាប់ពី ៥គ្រឿងឡើងទៅ។
ឯកឧត្តម យិច សមិទ្ធិ បានបញ្ជាក់យ៉ាងច្បាស់អំពីនីតិវិធីនៃការហែក្បួនឃោសនាបោះឆ្នោត ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធី និងតាមសេចក្តីណែនាំដែលបានដាក់ចេញដោយ គ.ជ.ប ។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា គ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ទាំងអស់ក្នុងអំឡុងពេល ២៤ (ម្ភៃបូន)ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ ហើយគណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ បដា ឯកសារឃោសនាបោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។
អំពីការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលឃោសនាបោះឆ្នោតឯកឧត្តម យិច សមិទ្ធិ បានមានប្រសាសន៍ថា អនុលោមតាមសេចក្តីណែនាំរួមលេខ ០០៥ ស.ណ.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ”សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ... ” គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំលេខ ០០១ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ស្តីពី ”កិច្ចសហការការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។ ឯកឧត្តម បន្តថា សេចក្តីណែនាំនោះ មានគោលបំណងដើម្បី កំណត់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ព្រមទំាងភ្នាក់ងារសន្តិសុខបោះឆ្នោតទំាងអស់ ដោយត្រូវយកចិត្តទុកដាក់ សហការអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ។ កម្លាំងដែលត្រូវប្រើប្រាស់សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់មានចំនួនសរុប ១៥,៧២៤នាក់ ដែលរួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ និង ផែ្នកសឹករងក្រុង ស្រុក ខណ្ឌ។
ឯកឧត្តម យិច សមិទ្ធិ បានជម្រាបជូនបន្តទៀតថា ក្នុងពេលឃោសនាបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវចាត់ចែងកម្លាំងការពារក្បួនឃោសនា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើ ហិង្សា ឬបង្កការអុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់ៗរូបដោយស្មើភាព ដោយគ្មានការរើសអើង។ ហើយភ្នាក់ងារសន្តិសុខបោះឆ្នោត មិនត្រូវទៅឈរក្បែរ ឬដើរកៀកពេកទៅនឹងទីតំាង ឬក្បួនឃោសនាបោះឆ្នោត ឬស្ថិតនៅក្នុងបរិវេណនៃអង្គពិធីឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។
ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះបានសួរថា យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អង្គបោះឆ្នោតអាចស្នាក់នៅជុំគ្នានៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ ប្រសិនបើការជុំគ្នានោះនៅក្នុងទីស្នាក់ការគណបក្សមានស្លាកសញ្ញា (Logo) គណបក្ស ចាត់ទុកជាការឃោសនាបោះឆ្នោតដែរឬទេ?
គ.ជ.ប បានបញ្ជាក់ជូនថា ការស្នាក់នៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយមិនចាត់ទុកជាការឃោសនាបោះឆ្នោតទេ។ ចំពោះទីកន្លែងឯកជនមិនអនុញ្ញាតឱ្យមានការលើកស្លាកគណបក្សនយោបាយទេសម្រាប់ការស្នាក់នៅជុំគ្នាមុនថ្ងៃបោះឆ្នោត។ ម្យ៉ាងទៀត ការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ធ្លាប់បានធ្វើច្រើនលើករួចមកហើយ គណបក្សនយោបាយ យល់ហើយអំពីនីតិវិធីនេះ។
នេះជាកិច្ចប្រជុំលើកទីប្រាំមួយ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជាង ៦០នាក់៕