សេចក្តីប្រកាសព័ត៌មានលេខ ០១០ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ 


    តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះបានហែក្បួនឃោសនាបោះឆ្នោត ដោយមានអ្នកចូលរួមជាច្រើន នៅ ៧ រាជធានី ខេត្ត នៃភូមិភាគចំនួន ៥ គឺនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ ខេត្តឧត្ដរមានជ័យ នៃភូមិភាគទី៤  ខេត្តកំពត នៃភូមិភាគទី៥ ខេត្តព្រៃវែង នៃភូមិភាគទី៦ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ ។


    តាមការកត់សម្គាល់៖
* គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមភូមិភាគទាំង ៨ ។ 
* គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស។
* គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។


ជារួម ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគធ.ខប និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 


សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore