សេចក្តីប្រកាសព័ត៌មានលេខ ០១១​ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ 

    តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះ មានតែគណបក្សហ៊្វុនស៊ិនប៉ិច មួយប៉ុណ្ណោះ បានហែក្បួនឃោសនាបោះឆ្នោត គឺនៅខេត្តកណ្ដាល នៃភូមិភាគទី៣ ដែលមានអ្នកចូលរួមប្រមាណ ១០០ នាក់។ 

    តាមការកត់សម្គាល់៖

- គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានធ្វើការឃោសនាបោះឆ្នោតនៅភូមិភាគទី៤ ផងដែរ ដោយធ្វើសកម្មភាពជួបប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស។

- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។

- គណបក្ស ឆន្ទៈខ្មែរ បានឃោសនាបោះឆ្នោតតាមរយៈការជួបប្រជុំ ការចុះជួបអ្នកបោះឆ្នោត និងការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងផ្ទះសមាជិកគណបក្ស នៅភូមិភាគទី៣ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។

- គណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។

ជារួម ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore