សេចក្តីប្រកាសព័ត៌មានលេខ ០១៨ គ.ជ.ប.អគ្គ៖ គ.ជ.ប ធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមច្បាប់ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤  ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស នៃ គធ.ខប មន្រ្តីទីស្ដីការ គ.ជ.ប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា ក្រៅពីការរៀបចំបទបញ្ជា និងនីតិវិធី និងការងារបច្ចេកទេសបោះឆ្នោតបានហើយនោះ គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបណ្ដាភាគីពាក់ព័ន្ធនឹងការបោះឆ្នោត តាមរយៈការបើកវគ្គបណ្តុះបណ្តាលទាំងនៅថ្នាក់ជាតិ និងការបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត។ ជាក់ស្ដែង គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ២ ថ្ងៃនេះ ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត នាពេលខាងមុខ ដើម្បីត្រៀមចូលរួមអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

ឯកឧត្ដមអគ្គលេខាធិការរង គ.ជ.ប សង្ឃឹមថា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះទាំងអស់នឹងទទួលបានចំណេះដឹងច្បាស់លាស់ បន្ទាប់ពីស្ដាប់ការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសដែលជាមន្រ្តីជំនាញ គ.ជ.ប និងការឆ្លើយបកស្រាយទៅនឹងសំណួរផ្សេងៗពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញ ជុំវិញប្រធានបទសំខាន់ៗ មានជាអាទិ៍៖
* ការត្រួតពិនិត្យសម្ភារ ឯកសារបោះឆ្នោត និងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់ 
* ការប្រព្រឹត្តទៅនៃការបោះឆ្នោត
* ការបិទការបោះឆ្នោតនៅការិយាល័យបោះឆ្នោតនាថ្ងៃបោះឆ្នោត
* ការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត 
* ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក” ដាក់កំណត់ហេតុនៃការបោះឆ្នោត តារាងកត់ត្រាសំឡេងឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធ
* កិច្ចប្រតិបត្តិការរបស់ គធ.ខប ក្នុងការស្គែន និងបញ្ជូនរូបភាពកំណត់ហេតុនៃការបោះឆ្នោត តារាងកត់ត្រាសំឡេងឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទៅ គ.ជ.ប សម្រាប់ ផ្សាយជាលទ្ធផលបឋមនៃការបោះឆ្នោត
* ការបញ្ជូនស្បោង “ខ” និងសម្ភារ ឯកសារបោះឆ្នោតនៅសល់ទៅ លគធ.ខប 
* ការដាក់ និងការទទួលពាក្យបណ្ដឹងតវ៉ា ឬពាក្យបណ្ដឹងជំទាស់កិច្ចប្រតិបត្តិការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅ គធ.ខប 
* របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង នៅ គធ.ខប
* កិច្ចប្រតិបត្តិការរបស់ គធ.ខប ក្នុងការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត
* ការវេចខ្ចប់ និងបញ្ជូនលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត និងរាល់សម្ភារ ឯកសារបោះឆ្នោតទៅ គ.ជ.ប
* ការអនុវត្តសម្ដែងតួ អំពីការវេចខ្ចប់ និងបញ្ជូនលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត និងរាល់សម្ភារ ឯកសារបោះឆ្នោត ទៅ គ.ជ.ប ។


សូមជម្រាបជូនថា ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ មានសិក្ខាកាមសរុបចំនួន ១៧៧ នាក់។ ការបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃ ដែលនឹងបញ្ចប់នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News