សេចក្តីប្រកាសព័ត៌មានលេខ ០២៥ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់មួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីដប់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ឃើញថា៖
* គណបក្សប្រជាជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតនៅគ្រប់ភូមិភាគ តាមរយៈសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយ និងបង្រៀនគូសសន្លឹកឆ្នោត។ 


* គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅរាជធានីភ្នំពេញ នៃភូមិភាគទី១ នៅខេត្តត្បូងឃ្មុំ នៃភូមិភាគទី២ និងនៅខេត្តព្រះវិហារ នៃភូមិភាគទី៨ ។


* គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ ។


* គណបក្ស កម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។


ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់៖ www.nec.gov.kh/khmer/content/7450
 

ទាញយកកម្មវិធី(App) CamNEC News