សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១២ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ វីដេអូ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ក្រោយពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើខ្លឹមសារអត្ថបទវីដេអូ និងឯកសារទាំងនោះ។ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. ឯកភាពលើខ្លឹមសារអត្ថបទវិទ្យុ ចំនួន ២ (ពីរ) រឿង រួមមាន ៖

• អត្ថបទវិទ្យុរឿង “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះ”។

• អត្ថបទវិទ្យុរឿង “វិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ“។

* ឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវីដេអូ ចំនួន ២ (ពីរ) រឿង រួមមាន៖

• អត្ថបទស្ប៉តវីដេអូរឿង “តើអ្វីជាការបោះឆ្នោតអសកល” ។

• អត្ថបទស្ប៉តវីដេអូរឿង “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា”។

* ឯកភាពលើខ្លឹមសារអត្ថបទចម្រៀងកាយវិការ ចំនួន ២ (ពីរ) បទ រួមមាន៖

• បទចម្រៀង “២៦ ឧសភា ២០២៤ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត 
ក្រុង ស្រុក ខណ្ឌ”។

• បទចម្រៀង “បោះឆ្នោតអសកល“។

* ឯកភាពលើខ្លឹមសារអត្ថបទវីដេអូគំនូរជីវចល ចំនួន ៣ (បី) រឿង រួមមាន៖

• អត្ថបទរឿង “ការឃោសនាបោះឆ្នោត”។

• អត្ថបទរឿង “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ“។

• អត្ថបទរឿង “នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា”។

២. ឯកភាពលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែងស្តីពី “នីតិវិធីស្តីពីការបោះឆ្នោត និងរាប់សន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ”។

៣. ឯកភាពលើលិខិតបទដ្ឋានគតិយុត្តចំនួន ៧ (ប្រាំពីរ) ប្រភេទ រួមមាន ៖ 

• ប្រតិទិន និងសេចក្តីណែនាំស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

• គំរូទម្រង់បញ្ជីបោះឆ្នោតដំបូងសម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់បង្ហាញលើគេហទំព័រផ្លូវការ គ.ជ.ប។

• គំរូទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោត។

• ប្រតិទិន និងសេចក្តីសម្រេចស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត និងឯកសារពាក់ព័ន្ធ។

• គំរូទម្រង់បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បិទផ្សាយជាសាធារណៈ សម្រាប់បង្ហោះលើគេហទំព័រផ្លូវការ គ.ជ.ប និងសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត។

• សេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោត ផ្លូវការ។

• សេចក្តីសម្រេចស្តីពីការបញ្ចូលឈ្មោះ និងការលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំរំលឹកអង្គភាពជំនាញត្រូវយកចិត្តទុកដាក់ និងណែនាំឱ្យច្បាស់ចំពោះការស្រង់អ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវដើម្បី រៀបចំជាបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤៕ 
 

ទាញយកកម្មវិធី(App) CamNEC News