សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៤ គ.ជ.ប ស្តីពី ការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប  ដើម្បីផ្សព្វផ្សាយអំពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តង។ ផ្តើមចេញពីមូលដ្ឋាននេះ គ.ជ.ប បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា គ.ជ.ប បានត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ហើយបានដំណើរការរលូនល្អ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ក្នុងនោះគឺ នៅចុងខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយនៅថ្ងៃទី២៨ ខែធ្នូ បានធ្វើការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយឈរឈ្មោះ សម្រាប់ដាក់លើសន្លឹកឆ្នោត ដែលជាលទ្ធផល លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២ គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី៣ គណបក្សហ៊្វុនស៊ិនប៉ិច និងលេខរៀងទី៤ គណបក្ស កម្លាំងជាតិ។ ឯកឧត្តម បានបន្តថា ក្រោយពីដំណើរការចុះឈ្មោះបោះឆ្នោតបានបញ្ចប់តាមនីតិវិធី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បានផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតជាផ្លូវការ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះមានស្រ្តី ២.៥៨៤ នាក់ ជាតំណាងរាស្ត្រក្នុងតំណែង ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ១១.៦២២ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ ការិយាល័យ។ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ការឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

អំពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា  គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមាន ៤ គណបក្ស បានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បីសង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានសម្រេចអនុញ្ញាតសរុបមានចំនួន ២២៨ នាក់ (ស្ត្រី ៣៩ នាក់)។ ឯកឧត្តម បានបន្តទៀតថា ចំពោះអ្នកសង្កេតការណ៍បោះឆ្នោត គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៦០ នាក់ (ស្ត្រី ២៥១ នាក់) មកពី ១៨ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកសង្កេតការណ៍អន្តរជាតិ ៣០ នាក់ (ស្ត្រី ១៧ នាក់) មកពីសមាគមនិស្សិត និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន។ ភ្ញៀវពិសេស មាន ៣ រូប ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យចំនួន ៣ នៃប្រទេសជប៉ុន។ គ.ជ.ប បានទទួលស្គាល់ និងចេញបណ្ណអ្នកសារព័ត៌មានជាតិសរុបចំនួន ៣០៦ នាក់ (ស្ត្រី ២៩ នាក់) មកពី ៤៥ អង្គភាព។ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិមានចំនួន ២៥ នាក់ មកពី ១៤ អង្គភាព។

អំពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់អ្នកបោះឆ្នោត និងអង្គបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យបានយល់ ដឹងច្បាស់អំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដូចជាលេខកូដ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទ ឯកសារដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ សន្លឹក។ បណ្ណព័ត៌មានអ្នកបោះឆ្នោតទាំងនេះ ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានសរុបចំនួន ១១.៧២៣ សន្លឹក ស្មើនឹង ៩៩,៨០ ភាគរយ។ ចំពោះការប្រព្រឹត្តទៅនៃការបោះឆ្នោត ឯកឧត្តម បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តនៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគ បានបើកដំណើរការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដោយពុំមានការិយាល័យបោះឆ្នោតណាមួយមិនអាចបើកបាននោះទេ។ ការបោះឆ្នោតតាមការិយាល័យមួយចំនួនត្រូវបានបិទមុន បន្ទាប់ពីអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបោះអស់ហើយ ដែលការិយាល័យចុងក្រោយបានបញ្ចប់នៅវេលាម៉ោង ៣:០០រសៀល តាមការគ្រោងទុក ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការ រាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោម ការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យ នីមួយៗ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត បិទផ្សាយជាសាធារណៈនៅត្រង់ ច្រកចូលទីតាំងការិយាល័យរាប់សន្លឹកឆ្នោត ដែលនឹងទុករហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថា អ្នកបានបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧ នាក់។

អំពីសភាពការណ៍មុនថ្ងៃបោះឆ្នោត និងសភាពការណ៍សន្តិសុខបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា នៅមុនថ្ងៃបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីអំពាវនាវ“សូមឱ្យគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងសូមឱ្យគណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំនានា រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត” ។ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្ដីណែនាំ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ គ.ជ.ប ក៏បានធ្វើការអំពាវនាវដល់អ្នកបោះឆ្នោត អញ្ជើញទៅបោះឆ្នោត និងលើកទឹកចិត្តដល់ អ្នកបោះឆ្នោតឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំពោះសភាពការណ៍សន្តិសុខបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំរួមស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ហើយអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធបានសហការចាត់វិធានការការពារយ៉ាងហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅគ្រប់គ្រង ស្ថានការណ៍ និងធានាឱ្យការបោះឆ្នោតដំណើរការរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។

ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាប្រតិបត្តិករដំបូងក្នុងការស្គែន និងបញ្ជូន ទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ហើយគណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមភូមិភាគ សម្រាប់ផ្សព្វផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកឧត្ដម បានបន្តថា នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប នឹងរៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដែលការប្រកាសផ្សាយនេះមានគោលបំណងសំខាន់គឺ ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត និងដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។ ម៉្យាងទៀត ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះ គ.ជ.ប បានសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បន្ទាប់ពី គ.ជ.ប បានទទួលទិន្នន័យ និងទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ ពីគ្រប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត គ.ជ.ប បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបតាមភូមិភាគរួច ហើយដែលអាចនឹងផ្សាយចាប់ពីវេលាម៉ោង ៧:៣០នាទីយប់តទៅ។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោត ក៏នឹងមានផ្សាយ តាមវិទ្យុជាតិកម្ពុជា និងតាមអ៊ីនធឺណិត ដែលត្រូវធ្វើឡើងតាមគេហទំព័រដែលមានអាសយដ្ឋាន www.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) CamNEC News, Channel YouTube និងតាម Facebook Page ផ្លូវការរបស់ គ.ជ.ប។ 

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រ ដែលកំណត់ដោយ គ.ជ.ប ដើម្បីផ្ញើជូន គ.ជ.ប ដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្ដម ប្រាជ្ញ ចន្ទ  បានវាយតម្លៃថា ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ 

មានសំណួររបស់ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះចង់ដឹងអំពីអវត្តមានអ្នកមិនបានមក បោះឆ្នោត តើដោយសារមូលហេតុអ្វី? ហើយថា មានមតិមួយចំនួនថា ការបោះឆ្នោតនេះមានការគាបសង្កត់?  

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា អ្នកដែលមិនបានមកបោះឆ្នោត ដោយសារមាន អ្នកខ្លះមានជំងឺ អ្នកខ្លះទៀតនៅក្រៅប្រទេស។ ចំពោះអ្នករិះគន់ការបោះឆ្នោត ចេះតែនិយាយដោយគ្មានភស្តុតាង គ្មានមូលដ្ឋាន ពីព្រោះថា មកទល់ពេលនេះពុំទាន់មានបណ្តឹងណាមួយត្រូវបានដាក់ និងទទួលទេ។ 
មុននឹងបញ្ចប់ ឯកឧត្ដម ប្រាជ្ញ ចន្ទ  ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវ លោកលោកស្រី នាងកញ្ញា អ្នកបោះឆ្នោតទាំងអស់ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងបានថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានតាមដានដំណើរការរៀបចំការបោះឆ្នោតនេះ ដែលជាការរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបាន ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកប ដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងសូមឱ្យបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតដោយ គ.ជ.ប។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ អ្នកសង្កេតការណ៍ជាភ្ញៀវពិសេសមកពីប្រទេសជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជិត ៨០ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News