នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៥ គណបក្ស ដើម្បីជម្រាបជូនអំពីគោលការណ៍រៀបចំ កម្មវិធីស្មើភាព សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។
កម្មវិធីស្មើភាព ត្រូវចែកចេញជា ៣ ផ្នែក៖ ទី១. កម្មវិធីតុមូល ដែលគ្រប់គណបក្សនយោបាយ ត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួល បានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី២. ស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី៣. អត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ លេខ។
ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅដល់អ្នកបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ និងសាធារណជន តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប ។
គណៈកម្មការសម្របសម្រួល ដែលជាគណៈកម្មការបង្កើតឡើងដោយ គ.ជ.ប បានរៀបចំកិច្ចប្រជុំនេះនៅទីស្ដីការ គ.ជ.ប ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស កម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ព្រមទាំងសមាជិកគណៈកម្មការសម្របសម្រួល។ កិច្ចប្រជុំនៅថ្ងៃនេះ ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងមុនក្រោយនៃការចុះផ្សាយ និងចាក់ផ្សាយកម្មវិធីនយោបាយរបស់គណបក្សនយោបាយផងដែរ៕