គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃសាធារណរដ្ឋម៉ាល់ឌីវ បានអញ្ជើញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសជាច្រើនទៀត ដើម្បីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅសាធារណរដ្ឋម៉ាល់ឌីវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ជាការឆ្លើយតប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងលោក ស៊ិន សាវតា ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។
កន្លងមក គ.ជ.ប នៃសាធារណរដ្ឋម៉ាល់ឌីវ ក៏ធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា កាលពីឆ្នាំ២០១៨។
នៅថ្ងៃចេញដំណើរ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១:៣០នាទីរសៀល ឯកឧត្ដម ឌឹម សុវណ្ណារុំ នឹងផ្ដល់ព័ត៌មានលម្អិត និងសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមតាមការគួរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕