សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២២ គ.ជ.ប ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្តឹងតវ៉ា ឬប្ដឹងជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍ថា គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលមានការិយាល័យបោះឆ្នោតចំនួន ២០៩ ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន ១១.៦២២ នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ 

ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍អំពីការរៀបចំបញ្ជីបោះឆ្នោតដំបូងថា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង រួមនឹងរបាយការណ៍ ចុះឈ្មោះបោះឆ្នោតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) រួចមក នាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាប់ឆ្នោត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្លូវការ ដែលមានរក្សាទុកជាឯកសារនៅ គ.ជ.ប។ បន្ទាប់ពីបានពិនិត្យ ឃើញថាត្រឹមត្រូវអស់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នន័យអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធ កុំព្យូទ័រ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង។ 

ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍ថា នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន ៤ ច្បាប់ បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ។ នៅពេលទទួលបានបញ្ជីបោះឆ្នោតដំបូងនេះ គធ.ខប ត្រូវរក្សាទុកច្បាប់ដើម ១ច្បាប់ ជាឯកសារ និងត្រូវចាត់ចែងបិទផ្សាយច្បាប់ចម្លង យ៉ាងតិច ៣៤ (សាមសិបបួន) ថ្ងៃ មុនថ្ងៃបោះឆ្នោត។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងត្រូវបិទផ្សាយ នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ១ច្បាប់ និងបិទផ្សាយនៅកន្លែង ៣ ផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ច្បាប់។

តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ (កែសម្រួល)  គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ បញ្ជីបោះឆ្នោតដំបូងនេះ ក៏មានផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។

ឯកឧត្ដម បានបញ្ជាក់ជូនបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលដែលសង្កេតការណ៍បោះឆ្នោតមានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះ ត្រូវគិត ត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតក៏អាចទទួលបាននូវទិន្នន័យនៃបញ្ជីបោះឆ្នោតតាមទម្រង់ PDF ដែលមានបង្ហោះតាមគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH)។

អំពីការប្តឹងតវ៉ា ឬការប្តឹងជំទាស់ និងការដោះស្រាយពាក្យបណ្តឹង ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅនៃការពិនិត្យ កែតម្រូវតាមរយៈការប្ដឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្ត តាមនីតិវិធី និងប្រតិទិន។ ការប្ដឹងតវ៉ា  អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃក្រុង ស្រុក ខណ្ឌផ្សេង។ ការប្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងជាជនដែលពុំមានសិទ្ធិបោះឆ្នោតដោយមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែងនៃក្របខណ្ឌ ក្រុង ស្រុក ខណ្ឌនីមួយៗ និងករណីដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។

ឯកឧត្ដម បានបន្តថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្ដឹងទម្រង់ (ទ.១២០២) ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងតាមឋានានុក្រមទៅ គធ.ខប និង គ.ជ.ប តាមដំណាក់កាល នីតិវិធី និងពេលវេលានៃការដាក់ និងការទទួលពាក្យបណ្ដឹង។ ពាក្យបណ្ដឹងត្រូវមានបញ្ជាក់នូវព័ត៌មានចាំបាច់មួយចំនួនរួមមាន៖ 

-  ឈ្មោះ និងអាសយដ្ឋានរបស់អ្នកប្ដឹង ឬតំណាង

-  កម្មវត្ថុនៃពាក្យបណ្ដឹង និងការគោរពរយៈពេលកំណត់នៃការដាក់ពាក្យបណ្តឹង ៥ (ប្រាំ) ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

ដោយឡែក ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ។ 

ការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ត្រូវធ្វើនៅ គធ.ខប ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹងគឺនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គធ.ខប ត្រូវចាត់ចែង ដោះស្រាយលើពាក្យបណ្ដឹងនោះក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃ។ ករណីអ្នកប្ដឹង ឬតំណាង មិនសុខចិត្ត នឹងសេចក្ដីសម្រេចរបស់ គធ.ខប សាមីខ្លួន ឬតំណាងអាចប្ដឹងបន្តទៅកាន់ គ.ជ.ប ក្នុង រយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង ឬសម្រង់សេចក្ដីសម្រេច ទម្រង់ (ទ.១២០៣) របស់ គធ.ខប។

បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គ.ជ.ប ត្រូវចាត់ចែងដោះស្រាយលើពាក្យបណ្ដឹងនោះក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ។ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ សេចក្ដីសម្រេចរបស់ គ.ជ.ប ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។

មានសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកឡើងអំពីការសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប បានបញ្ជាក់ជូនថា ការផ្លាស់ប្តូរនេះ ត្រូវធ្វើតាមនីតិវិធី គឺ ពីឃុំ សង្កាត់ ទៅស្រុក ខណ្ឌ ទៅរាធានី ខេត្ត  រហូតដល់ក្រសួងមហាផ្ទៃ។ សម្រាប់ការបិទផ្សាយបញ្ជីដំបូងនេះគឺ ដើម្បីប្តឹងតវ៉ា ឬជំទាស់ ដូចបានជម្រាបជូនខាងលើរួចហើយ។ នៅពេលដោះស្រាយពាក្យបណ្តឹងតាមនីតិវិធីចប់សព្វគ្រប់អស់ហើយ គ.ជ.ប ត្រូវផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ។ បញ្ជីបោះឆ្នោតផ្លូវការមិនអាចកែប្រែបានទេ លើកលែងតែមានអ្នកបោះឆ្នោតណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះទទួលមរណភាព។ ក្នុងករណីនេះ ក្រសួងមហាផ្ទៃត្រូវបំពេញបែបបទផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះ ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃបោះឆ្នោត ដើម្បីឱ្យ គ.ជ.ប ដាក់ជំនួសក្នុងបញ្ជីបោះឆ្នោតផ្លូវការ។  

នេះជាកិច្ចប្រជុំលើកទីបួន ជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែន-រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានចំនួនប្រមាណ ៦០ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News