សេចក្តីប្រកាសព័ត៌មានរបស់​អ្នកនំាពាក្យ គ.ជ.ប លេខ ០២៧​​ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ ទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ លទ្ធផល ការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ២០២៣ និងគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖

១. ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

- សៀវភៅសម្រាប់អ្នកបោះឆ្នោត

- សៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោត។

២. កែសម្រួល និងបន្ថែមខ្លឹមសារលើសៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ។ សេចក្តីព្រាងសៀវភៅនេះ នឹងត្រូវឆ្លង គ.ជ.ប ម្តងទៀត ក្រោយកែសម្រួល និងថែមខ្លឹមសាររួច។

៣. ឯកភាពជាគោលការណ៍លើទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖

- ទម្រង់បែបបទ ចំនួន ១៥ ទម្រង់

- ស្រោមសំបុត្រ ចំនួន ១៤ មុខ

- ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារចុះឈ្មោះបោះឆ្នោត ចំនួន ៦

- គំរូត្រាការិយាល័យចុះឈ្មោះបោះឆ្នោត។

៤. ឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២៣។

៥. ឯកភាពលើគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្នុងការអនុវត្តការផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលត្រូវផ្សព្វផ្សាយតាមវិទ្យុនៅតាមរាជធានី ខេត្ត ទាំង ២៥។  
 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៣៥ នាទី នាថ្ងៃខែឆ្នាំដដែល៕
 

ទាញយកកម្មវិធី(App) CamNEC News