សេចក្តីប្រកាសព័ត៌មានលេខ ០៥៤ គ.ជ.ប.អគ្គ៖ គ.ជ.ប ធ្វើការបណ្ដុះបណ្ដាលដល់មន្រ្តីបោះឆ្នោតពាក់ព័ន្ធ ស្ដីពី “ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ...

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្រ្តីបោះឆ្នោតពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងច្បាស់លាស់ និងត្រូវចូលរួមអនុវត្តកម្មវិធីនេះឱ្យមានប្រសិទ្ធភាពខ្ពស់។


វគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងនៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមជាសិក្ខាកាមពីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) សមាជិក លធ.ខប ដែលជាប្រធានផ្នែកប្រតិបត្តិការ មន្រ្តីបច្ចេកទេសនៃ លធ.ខប និងមន្រ្តីនៅទីស្ដីការ គ.ជ.ប សរុបចំនួន ១១០ នាក់។


ក្នុងពិធីបើកវគ្គ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានមតិសំណេះសំណាល និងបានណែនាំឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសជំនាញនៅគ្រប់ប្រធានបទ។


វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយពិធីបិទវគ្គ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ឯកឧត្ដមបានមានប្រសាសន៍ថា ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ព្រមទាំងកំណត់ចំនួន និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ដើម្បីធ្វើផែនការសម្ភារ ឯកសារ បរិក្ខារនានា សម្រាប់បម្រើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនីមួយៗ។ 


ឯកឧត្ដម ទេព នីថា បានគូសបញ្ជាក់ថា ការរៀបចំត្រៀមសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ លុះមកដល់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មដំណើរការបោះឆ្នោត និងកិច្ចសហការរវាងក្រសួងមហាផ្ទៃ  និង គ.ជ.ប ស្ថាប័នទាំងពីរ បានដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០១៩ ស.ណ.ន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីកែលម្អ និងបំពេញបន្ថែមបែបបទ និងនីតិវិធីនៃការអនុវត្តលើសេចក្តីណែនាំរួមចាស់កាលពីឆ្នាំ២០០៥។ សេចក្ដីណែនាំរួមចុងក្រោយនេះ បានកំណត់យកយន្តការភូមិជាប្រតិបត្តិករដំបូងក្នុងការអនុវត្តការស្រង់ស្ថិតិនេះ បន្ទាប់មកបញ្ជូនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបជាស្ថិតិសម្រាប់ឃុំ សង្កាត់ និងបន្តទៅ លធ.ខប ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបដោយដៃបញ្ចូលជាលទ្ធផលសម្រាប់រាជធានី ខេត្តនីមួយៗ រួចបញ្ជូនមក គ.ជ.ប ដើម្បីបូកសរុបជាស្ថិតិរួមទូទាំងប្រទេស។ ហើយតាមរយៈការដាក់ឱ្យប្រើប្រាស់ “កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” នេះ លធ.ខប នឹងមានភាពងាយស្រួលមួយកម្រិតថែមទៀត ក្នុងការគ្រប់គ្រង និងបូកសរុបស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងរាជធានី ខេត្តរៀងៗខ្លួន។ 


បើតាមប្រសាសន៍របស់ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ ហើយផ្អែកតាមលទ្ធផល និងបទពិសោធន៍កន្លងមក គ.ជ.ប បានធ្វើការកែលម្អចំណុចខ្វះខាតមួយចំនួន និងអភិវឌ្ឍកម្មវិធីនេះឱ្យកាន់តែល្អប្រសើរ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៤ នេះ។


សូមជម្រាបជូនថា គ.ជ.ប តាមរយៈសេចក្ដីសម្រេច លេខ ២៣៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ប្រព័ន្ធកម្មវិធីនេះ ត្រូវប្រើប្រាស់ជាជំនួយដល់ លធ.ខប និងអង្គភាពពាក់ព័ន្ធចំណុះឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងក្របខណ្ឌបច្ចេកទេស ព្រមទាំងកាត់បន្ថយបាននូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានតាមឃុំ សង្កាត់ សម្រាប់ការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ៕
 

ទាញយកកម្មវិធី(App) CamNEC News