សេចក្តីប្រកាសព័ត៌មានលេខ ០៥៩ គ.ជ.ប.អគ្គ៖ គ.ជ.ប ធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោត តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ អំពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាជិក គធ.ខប ជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិក គធ.ខប ជាប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស មន្រ្តី គ.ជ.ប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គ-លេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា ក្រៅពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងការងារបច្ចេកទេសបោះឆ្នោតបានល្អប្រសើរហើយនោះ គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត តាមរយៈការបើកវគ្គបណ្តុះបណ្តាលទាំងនៅ គ.ជ.ប និងការបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត រហូតដល់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ជាក់ស្ដែង គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ២ ថ្ងៃនេះ ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត នាពេលខាងមុខ ដើម្បីត្រៀមចូលរួមអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

ឯកឧត្ដមជឿជាក់ថា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានចំណេះដឹងច្បាស់លាស់ បន្ទាប់ពីស្ដាប់ការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសដែលជាមន្រ្តីជំនាញ គ.ជ.ប និងការឆ្លើយបកស្រាយទៅនឹងសំណួរផ្សេងៗពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ជុំវិញប្រធានបទសំខាន់ៗ ដូចខាងក្រោម៖

- ការឃោសនាបោះឆ្នោត

- គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងភ្នាក់ងារសន្តិសុខបោះឆ្នោត

- ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត

- ការត្រួតពិនិត្យវត្តមានសមាសភាព គ.ក.ប សម្ភារ ឯកសារបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត

- ឯកសារប្រើប្រាស់ផ្លូវការសម្រាប់ការបោះឆ្នោត

- ការប្រព្រឹត្តទៅនៃការបោះឆ្នោត

- ការបិទការបោះឆ្នោតនៅការិយាល័យបោះឆ្នោតនាថ្ងៃបោះឆ្នោត

- ការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត

- ការរាប់សន្លឹកឆ្នោតនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ឬនៅទីកន្លែងមានសុវត្ថិភាពដែល គ.ជ.ប បានកំណត់


- គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

- ការទទួលសម្ភារ ឯកសារបោះឆ្នោតពី គ.ជ.ប

- ការប្រមូល និងការបញ្ជូនទិន្នន័យលទ្ធផលបឋមនៃការបោះឆ្នោតដើម្បីបញ្ជូនទៅ គ.ជ.ប

- ការដាក់ពាក្យបណ្ដឹងតវ៉ា ឬ/និងពាក្យបណ្ដឹងជំទាស់ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ឬ/និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទៅ គធ.ខប

- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនៅ គធ.ខប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

- ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅ លគធ.ខប

- កិច្ចប្រតិបត្តិការរបស់ គធ.ខប ក្នុងការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

- ការកំណត់ចំនួនអាសនៈក្រុមប្រឹក្សាសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ 

- ការវេចខ្ចប់ និងការបញ្ចូលលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងរាល់សម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធ ទៅ គ.ជ.ប

- ការបោះឆ្នោតសាជាថ្មី

- ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ គធ.ខប

- ការអនុវត្ត សម្ដែងតួ តាមករណីផ្សេងៗកើតឡើងនៅពេលបោះឆ្នោត។

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ មានសិក្ខាកាមសរុបចំនួន ១២៥ នាក់។ ការបណ្ដុះបណ្ដាលនេះមានរយៈពេល ២ ថ្ងៃ ដែលនឹងបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News