សេចក្តីប្រកាសព័ត៌មានលេខ ០៦១ គ.ជ.ប.អគ្គ៖ វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤  ជូនដល់ប្រធាន និងសមាជិកនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រយៈពេល ២ ថ្ងៃ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាព ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។


ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គ.ជ.ប តែងតែបានដកពិសោធន៍ ចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតមុនៗ ជាពិសេសការបោះឆ្នោតអសកលលើកចុងក្រោយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលត្រូវបានវាយតម្លៃជាទូទៅថាមានភាពល្អប្រសើរ មកធ្វើជាមូលដ្ឋានក្នុងការកែលម្អលក្ខណៈបច្ចេកទេសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ តាមរយៈការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងការធ្វើទំនើបកម្មការបោះឆ្នោត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយបន្ថែមលើការអនុវត្តដោយដៃរបស់មន្រ្តីបោះឆ្នោតទាំងនៅថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប។


ឯកឧត្ដមបានគូសបញ្ជាក់ថា ត្បិតតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែងក៏ដោយ ក៏ថ្នាក់ដឹកនាំ គ.ជ.ប ជាពិសេស ឯកឧត្តមប្រធាន គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវតាមច្បាប់កំណត់។ ឯកឧត្ដមបានបន្ថែមថា ការងារនេះអាចសម្រេចទៅបាន គឺអាស្រ័យដោយមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់មានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីអនុវត្ត និងចូលរួមសហការអនុវត្តតាមមុខការរៀងៗខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ 
មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ទេព នីថា បានណែនាំដល់ គធ.ខប ទាំង ២៥ រាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត ជាពិសេសការបណ្តុះបណ្តាលជូនគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលជាប្រតិបត្តិករដំបូងក្នុងការអនុវត្តបែបបទ និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ។


ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់៖

ទី១- គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ ឱ្យបានហ្មត់ចត់ និងត្រូវយកចិត្តទុកដាក់រក្សាឱ្យបានសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ សន្តិសុខ សេចក្តីថ្លៃថ្នូរ និងការយោគយល់អធ្យាស្រ័យគ្នា ។

ទី២- អាជ្ញាធរដែនដីទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងសូមអាជ្ញាធរមានសមត្ថកិច្ចជួយពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងករណីមានការបាត់បង់ ឬខូច ឬអស់សុពលភាពជាដើម ព្រោះឯកសារទាំងនេះ គឺជាឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត។

ទី៣- កងយោធពលខេមរភូមិន្ទ នគរបាលជាតិ ជាពិសេសកងកម្លាំងដែលបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវគោរពតាមក្រមសីលធម៌ដែលកំណត់ដោយ គ.ជ.ប។

ទី៤-    គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលកំណត់ដោយ គ.ជ.ប។ 

ទី៥- ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងរួមគ្នាគោរពវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។


សូមជម្រាបជូនថា សិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ មានចំនួនសរុប ១៦៤ នាក់ ដែលរួមមាន ប្រធាន គធ.ខប សមាជិក គធ.ខប ជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិក គធ.ខប ជាប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស មន្រ្តី គ.ជ.ប និងគ្រូបង្ហាត់ គ.ជ.ប ភ្ញៀវពិសេសមកពីសាកលវិទ្យាល័យតូក្យូ តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៥ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១១ សមាគម អង្គការ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គស្នងការដ្ឋាននគរបាលជាតិ៕
 

ទាញយកកម្មវិធី(App) CamNEC News