សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២៦ គ.ជ.ប ស្តីពី ការផ្សព្វផ្សាយអំពីនីតិវិធីនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីនៃការឃោសនាបោះឆ្នោត ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងក្រមសីលធម៌របស់គណបក្សនយោបាយក្នុងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃ។ ឯកឧត្តម បន្តថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៥ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្ដម យិច សមិទ្ធិ ក៏បានជម្រាបជូនអំពីសកម្មភាពដែលចាត់ទុកថា ជាការឃោសនាបោះឆ្នោត ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទដូចបានកំណត់ក្នុងបទបញ្ជា និងនីតិវិធី។ ឯកឧត្តម បន្តថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ គណបក្សនយោបាយដែល បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាចហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅមណ្ឌលរាជធានី ខេត្តបានយ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតឆ្លងរាជធានី ខេត្ត មិនត្រូវបានអនុញ្ញាតឡើយ។ 

ឯកឧត្តម យិច សមិទ្ធិ បានបញ្ជាក់ថា គណបក្សនយោបាយដែលហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានី ខេត្តដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនា នោះត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។

ឯកឧត្តម មានប្រសាសន៍បន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាចហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្រុង ស្រុក ខណ្ឌបានយ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតឆ្លងក្រុង ស្រុក ខណ្ឌ មិនត្រូវបានអនុញ្ញាតឡើយ។ គណបក្សនយោបាយដែលហែក្បួនឃោសនាបោះឆ្នោតក្នុងក្រុង ស្រុក ខណ្ឌ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់ ក្រុង ស្រុក ខណ្ឌ ដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែងនៃក្រុង ស្រុក ខណ្ឌនោះ មានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរ ទៅ គធ.ខប យ៉ាងតិចឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត ទោះបីជាក្រុង ស្រុក ខណ្ឌដែលត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក៏ដោយ។ ក្នុងដំណើរឆ្លងកាត់ខាងលើនេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍បំពង សំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ គធ.ខប ពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។ គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់មុនថ្ងៃបោះឆ្នោត ២៤ម៉ោង។
អំពីបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ ថា ករណីមានការបំពានច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងសេចក្តីណែនាំផ្សេងៗរបស់ គ.ជ.ប ជនណាក៏ដោយដែលរងឥទ្ធិពល ឬដែលស្ថិតនៅកន្លែងកើតហេតុ ឬតំណាងមានសិទ្ធិដាក់ពាក្យ បណ្តឹងមក គធ.ខប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកើតហេតុ។ គធ.ខប ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេលសមស្របជាបន្ទាន់ដែលកំណត់ដោយ គធ.ខប។ ករណីមិនសុខចិត្តទៅលើសេចក្តីជូនដំណឹង ឬសេចក្តីសម្រេចរបស់ គធ.ខប ភាគីបណ្តឹងមានសិទ្ធិប្តឹងបន្តមក គ.ជ.ប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ឬសម្រង់សេចក្តីសម្រេច (ទម្រង់បែបបទ ១២០៣) របស់ គធ.ខប។

អំពីការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា អនុលោមតាមសេចក្តីណែនាំរួមលេខ ០៥ ស.ណ.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំលេខ ០៤៨ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្តីពី “កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤”។ សេចក្តីណែនាំនោះ មានគោលបំណងដើម្បីកំណត់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួង/ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ព្រមទំាងភ្នាក់ងារសន្តិសុខបោះឆ្នោតទំាងអស់ ដោយត្រូវយកចិត្តទុកដាក់សហការអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងផែនការ ក៏ដូចជាសេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារសន្តិសុខឱ្យមានប្រសិទ្ធភាពខ្ពស់ និងរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ។ ឯកឧត្ដម បានបន្តថា គោលដៅការពារការឃោសនាបោះឆ្នោត គឺស្ថិតនៅទំាង ២៥ រាជធានី ខេត្ត រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ហើយកម្លាំងដែលត្រូវប្រើប្រាស់មានចំនួនសរុប ១៥.៧២៤នាក់ ដែលរួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។ 

ឯកឧត្ដម យិច សមិទ្ធិ ក៏បានជម្រាបជូនលម្អិតអំពីក្រមសីលធម៌របស់គណបក្សនយោបាយ ក្នុងដំណើរការឃោសនាបោះឆ្នោត ដែលមានចែងអំពី សិទ្ធិ និងភារកិច្ចរបស់គណបក្សនយោបាយ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ និងបម្រាមចំពោះគណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្ដម យិច សមិទ្ធិ បានថ្លែងអំណរគុណចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

នេះជាកិច្ចប្រជុំលើកទីប្រាំមួយ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពី ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News