សេចក្តីប្រកាសព័ត៌មានលេខ ០៦៣ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។
តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឃើញថា៖
- គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំនៅខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កោះកុង ក្រចេះ មណ្ឌលគិរី ព្រៃវែង ពោធិ៍សាត់ រតនគិរី ស្វាយរៀង តាកែវ កែប ឧត្ដរមានជ័យ ត្បូងឃ្មុំ សៀមរាប និងបានចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះវិហារ ព្រះសីហនុ ព្រមទាំងបានជួបប្រជុំ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតនៅខេត្តកណ្ដាល ស្ទឹងត្រែង ប៉ៃលិន និងខេត្តពោធិ៍សាត់។

- គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំនៅខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ ព្រះវិហារ ព្រៃវែង តាកែវ កោះកុង និងបានជួបប្រជុំ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត បង្រៀនគូសសន្លឹកឆ្នោតនៅខេត្តពោធិ៍សាត់។

- គណបក្ស កម្លាំងជាតិ បានជួបប្រជុំ លើកស្លាកគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តកណ្ដាល និងជួបប្រជុំនៅខេត្តស្វាយរៀង។

- គណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រជុំនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ និងចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ កណ្ដាល ស្វាយរៀង និងខេត្តព្រះសីហនុ។

- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។


ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore