សេចក្តីប្រកាសព័ត៌មានលេខ ០៦៤ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។


តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឃើញថា៖

- គណបក្សប្រជាជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល សៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ ប៉ៃលិន តាកែវ កំពត កែប កោះកុង ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី តាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ ចែកខិតបណ្ណ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត ព្រមទាំងបានចាក់មេក្រូផ្សព្វផ្សាយនៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ 

-    គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កំពង់ចាម តាកែវ កំពត កោះកុង ព្រៃវែង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ក្រចេះ កំពង់ធំ និងបានជួបប្រជុំ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតនៅខេត្តពោធិ៍សាត់។
- គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងបានជួបប្រជុំ លើកស្លាកគណបក្ស នៅខេត្តកណ្ដាល។

- គណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រជុំនៅខេត្តត្បូងឃ្មុំ កណ្ដាល បាត់ដំបង និងបានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ស្វាយរៀង កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រះសីហនុ។

- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។


ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 


ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស៕
 

ទាញយកកម្មវិធី(App) CamNEC News