សេចក្តីប្រកាសព័ត៌មានលេខ ០៦៥ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឃើញថា៖

- គណបក្សប្រជាជនកម្ពុជា បានចាក់មេក្រូផ្សព្វផ្សាយនៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបង  ហើយនៅ ២៣ រាជធានី ខេត្តទៀត មានសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។

- គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពត កោះកុង ព្រៃវែង រតនគិរី ស្ទឹងត្រែង និងបានជួបប្រជុំ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតនៅខេត្តពោធិ៍សាត់។

- គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅខេត្តបាត់ដំបង និងចុះជួបអ្នកបោះឆ្នោតនៅខេត្តស្វាយរៀង។

- គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។


ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស៕
 

ទាញយកកម្មវិធី(App) CamNEC News