សេចក្តីប្រកាសព័ត៌មានលេខ ០៦៧ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឃើញថា៖

- គណបក្សប្រជាជនកម្ពុជា បានចាក់មេក្រូផ្សព្វផ្សាយនៅខេត្តបាត់ដំបង ព្រះសីហនុ និងខេត្តក្រចេះ ហើយនៅ ២២ រាជធានី ខេត្តទៀត មានសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។

- គណបក្ស ឆន្ទៈខ្មែរ បានធ្វើការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ ខេត្តរតនគិរី កំពង់ចាម ត្បូងឃ្មុំ កណ្ដាល បាត់ដំបង ព្រះវិហារ តាកែវ ព្រៃវែង កំពង់ស្ពឺ កោះកុង កំពត កំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។

- គណបក្ស កម្លាំងជាតិ បានជួបប្រជុំ និងលើកស្លាកគណបក្សនៅខេត្តកណ្ដាល និងខេត្តសៀមរាប។

- គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ  បាត់ដំបង កណ្ដាល ព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។
ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល។ អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង សរុបចំនួន ១១.៦២២ រូប ដែលបែងចែកជា ២០៩ ការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស៕    
 

ទាញយកកម្មវិធី(App) CamNEC News