សេចក្តីប្រកាសព័ត៌មានលេខ ០៦៨ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។
តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ឃើញថា៖

- គណបក្សប្រជាជនកម្ពុជា បានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តបាត់ដំបង ហើយនៅ ២១ ខេត្តទៀត មានសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។ 

- គណបក្ស ឆន្ទៈខ្មែរ បានធ្វើការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង ព្រះវិហារ និងខេត្តក្រចេះ តាមរយៈសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។ 

- គណបក្ស កម្លាំងជាតិ បានជួបប្រជុំ និងលើកស្លាកគណបក្សនៅខេត្តកណ្ដាល។

- គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្ដាល ស្វាយរៀង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។


ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 


ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល។ អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង សរុបចំនួន ១១.៦២២ រូប ដែលបែងចែកជា ២០៩ ការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់៖ www.nec.gov.kh/khmer/category/501 ៕ 
 

ទាញយកកម្មវិធី(App) CamNEC News