សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​ លេខ ០២៧​ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការងារការប្រកាសផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របាយការណ៍ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងរបាយការណ៍ស្តីពីការផ្តល់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖

១. សម្រេចកែសម្រួលខ្លឹមសារនៃលិខិតបទដ្ឋាន ដែលពាក់ព័ន្ធនឹងការងារការប្រកាសផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

• សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបឋម។

• យន្តការ និងនីតិវិធី ស្តីពីការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

២. កែសម្រួលខ្លឹមសារ និងលុបខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ ហើយបានឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពី ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៣. បន្ទាប់ពីបានពិភាក្សាគ្នាអំពីការផ្តល់គ្រឿងឥស្សរិយយសដល់អ្នករាជការ គ.ជ.ប រួចមកអង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យគណៈកម្មការពិនិត្យ និងវាយតម្លៃបេក្ខជនស្នើសុំគ្រឿងឥស្សរិយយស ពិនិត្យ និងកែសម្រួលឡើងវិញ អំពីនីតិវិធីនៃសេចក្តីសម្រេចស្តីពីការផ្តល់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប។ 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលារសៀលម៉ោង ១២:០៥នាទី នាថ្ងៃខែឆ្នាំដដែល៕
 

ទាញយកកម្មវិធី(App) CamNEC News