នារសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ព្រមទាំងនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ថ្ងៃ។ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។ ឯកឧត្តម បានបន្តថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀល ថ្ងៃទី២៤ ខែឧសភា នេះ គ.ជ.ប អាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមមានដូចខាងក្រោម៖
• គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗទៅតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់មេក្រូចល័តតាមភូមិជាដើម។
• មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេសគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង បែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។
• គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប្រចាំមក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែកអាជ្ញាធរមូលដ្ឋានក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជាការការពារទីតាំង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរណ៍តាមដងផ្លូវ នៅពេលមានការហែក្បួនឃោសនាជាដើម។
ឯកឧត្ដម សោម សូរីដា មានប្រសាសន៍បន្តទៀតថា ក្នុងនាម គ.ជ.ប ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ ដែលកាន់តែមានភាពចាស់ទុំខាងនយោបាយ បានចូលរួមគោរព និងអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី រួមនិងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ព្រមទាំងសហការផ្តល់ព័ត៌មាន គោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះអាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់សាធារណៈល្អ ដោយពុំមានការរើសអើង និងសូមលើកទឹកចិត្តបន្តទៀតជូនមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ មានពាក្យបណ្ដឹងចំនួន ២ ដែលបានដាក់ និងដោះស្រាយរួចរាល់ហើយនៅ គ.ខ.ប ខេត្តព្រះវិហារ និងខេត្តស្វាយរៀង។
ឯកឧត្ដម សោម សូរីដា បានបញ្ជាក់ថា ថ្ងៃទី២៤ ខែឧសភា នេះ ជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត ដូចនេះគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនត្រឹមម៉ោង ១០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ជនណា ឬ/និងគណបក្សនយោបាយណា ឬ/និងប្រព័ន្ធផ្សព្វផ្សាយណា ដែលបំពានលើការហាមឃាត់នេះ នឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ។ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ នេះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោតត្រៀមខ្លួន ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
ឯកឧត្ដម បានបញ្ជាក់ថែមទៀតថា គ្រប់គណបក្សនយោបាយត្រូវប្រមូលយកស្លាកសញ្ញា និងសម្ភារឃោសនាផ្សេងទៀតរបស់ខ្លួន ដែលស្ថិតនៅក្នុងរង្វង់ ១០០ម៉ែត្រពីការិយាល័យបោះឆ្នោត យ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនានេះ លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្ស។
ចំពោះការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណៈ-កម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ត្រូវចាត់ឱ្យបិទផ្សាយលេខកូដការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ ការបិទផ្សាយនេះត្រូវធានាថា អាចផ្តល់លក្ខណៈងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការមកពិនិត្យមើលឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថាបញ្ជីនេះ ត្រូវបានបិទនៅកន្លែងដែលមិនមានការជ្រាប លិច ដែលនាំឱ្យសើម ឬប៉ះពាល់ដល់បញ្ជីបោះឆ្នោត។ ក្រៅពីការបិទផ្សាយនៅតាមការិយាល័យបោះឆ្នោត គ.ជ.ប ក៏មានបង្ហោះផ្សាយផងដែរនូវបញ្ជីបោះឆ្នោតនេះនៅលើគេហទំព័រ «voterlist.nec.gov.kh» និងនៅលើ App «NEC KH»។
ឯកឧត្ដម សោម សូរីដា ក៏បានមានប្រសាសន៍ អំពីនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបិទផ្សាយលទ្ធផលនៃការបោះឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត រួមមាន ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត នៅ គ.ជ.ប ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត និងការផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត។
តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាយ៉ាងយូរត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបណ្តឹងចំនួនពីរនោះ គ.ជ.ប បានបញ្ជាក់ជូនថា បណ្តឹងដែលប្តឹងនៅខេត្តព្រះវិហារ និងខេត្តស្វាយរៀងនោះ ជាទំនាស់បុគ្គល ហើយត្រូវបាន គធ.ខប ធ្វើការផ្សះផ្សា និងបានចេញលិខិតឆ្លើយតបទៅភាគីដើមបណ្តឹងរួចហើយ ប្រសិនបើភាគីណាមួយមិនសុខចិត្តទេ គាត់អាចបន្តប្តឹងមក គ.ជ.ប តាមនីតិវិធី។
នេះជាកិច្ចប្រជុំលើកទីប្រាំពីររវាង គ.ជ.ប ជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មានមកពី ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០ នាក់៕