សេចក្តីប្រកាសព័ត៌មានលេខ ០៧៣ គ.ជ.ប.អគ្គ៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ  សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ ទន្ទឹមនេះ ទោះបី នៅតាមស្រុក នៃខេត្តមួយចំនួន អាកាសធាតុមានភាពអួអាប់ខ្លះដោយកន្លែង ប៉ុន្តែមិនបង្កឱ្យមានការរំខាន ឬរាំងស្ទះដល់ដំណើរការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។

ដើម្បីបោះឆ្នោតបាន អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត ដោយយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ អ្នកបោះឆ្នោតមានចំនួនសរុប ១១.៦២២ រូប ក្នុងនោះស្រ្តី សរុបចំនួន ២.៥៧៤ រូប ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងក្របខណ្ឌក្រុង ស្រុក ខណ្ឌរៀងៗខ្លួន ហើយអ្នកបោះឆ្នោតទាំងនោះ ត្រូវបោះឆ្នោត ២ដង ដោយឡែកពីគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នាវេលាម៉ោង ៥:០០ល្ងាចថ្ងៃនេះ នៅទីស្ដីការ គ.ជ.ប បន្ទាប់មក គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត តាមទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕
 

ទាញយកកម្មវិធី(App) CamNEC News