សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២៩ គ.ជ.ប ស្តីពី ការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ២០២៤

នារសៀលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការ បោះឆ្នោតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពី ក្របខ័ណ្ឌច្បាប់ ការងារត្រៀម រៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោត ដែលកន្លងផុតទៅថ្មីៗនេះ និងបានធ្វើការបូកសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងអ្នកសារព័ត៌មានជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ។

ក្រុមអ្នកនាំពាក្យ គ.ជ.ប សូមដកស្រង់ និងសង្ខេបនូវចំណុចសភាពការណ៍ទូទៅជុំវិញការបោះឆ្នោត ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ មានដូចខាងក្រោម៖

• គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការងារបោះឆ្នោតនៅថ្ងៃបោះឆ្នោតយ៉ាងរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។

• ផ្អែកតាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ នៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យ បោះឆ្នោតទាំងអស់ទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នក បោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ទោះបីនៅតាមស្រុក ក្រុង នៃខេត្តមួយចំនួន មានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។ 

• អ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដោយទឹកមុខរីករាយ និងជឿជាក់។ 

• គណបក្សនយោបាយនានាបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅ ដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្ត អ្នកបោះឆ្នោតឡើយ។ 

• កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ 

• ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស សរុបចំនួន ២០៩ បានដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យដែលក្នុងនោះមាន ១៩៥ ការិយាល័យបានបិទការិយាល័យបោះឆ្នោតមុនពេលកំណត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យ បោះឆ្នោត ចំនួន ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង ៣:០០រសៀល។

• បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។ 

• តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទនៈ។

អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើត គណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលលេខាធិការដ្ឋាននៃ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ជាប្រតិបត្តិករក្នុងការអនុវត្តកម្មវិធី បញ្ចូល ផ្ទៀងផ្ទាត់ និងបញ្ជូនទិន្នន័យលទ្ធផលបឋមក្នុងរាជធានី ខេត្តសាមី ក្រោមការដឹកនាំ និងត្រួតពិនិត្យ ដោយ គធ.ខប មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះ- ឆ្នោត។ គណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យផ្ទៀងផ្ទាត់ សម្រាប់ផ្សព្វផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន ២ជុំ ដោយចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក ខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។ ឯកឧត្តម បានមានប្រសាសន៍ បន្តថា គ.ជ.ប រៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ នាវេលាម៉ោងប្រមាណ ៧:៣០យប់។ ការផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់៖

• ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត

•    ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។

លទ្ធផលបឋមនៃការបោះឆ្នោតនេះ ត្រូវបានត្រួតពិនិត្យតាមនីតិវិធីដូចខាងក្រោម៖ 

• ទទួលទិន្នន័យ និងទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ តាមប្រភេទក្រុមប្រឹក្សានីមួយៗ ពីគ្រប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត 

• ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបតាមមណ្ឌលក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ។ 

ឯកឧត្ដម ប្រាជ្ញ ចន្ទ  បានបញ្ជាក់ជូនទៀតថា គ.ជ.ប សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ធ្វើការផ្សព្វផ្សាយលទ្ធផលបឋមនៅយប់នេះតែម្តង។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោត ក៏នឹងមានផ្សាយតាមវិទ្យុជាតិកម្ពុជា និងតាមអ៊ីនធឺណិតដែលត្រូវធ្វើឡើងតាមគេហទំព័រដែលមានអាសយដ្ឋាន electresult.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) “NEC KH” Channel YouTube និងតាម Facebook Page ផ្លូវការរបស់ គ.ជ.ប។ 

មុននឹងបញ្ចប់កិច្ចប្រជុំ  ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអ្នកបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាការរួមចំណែកដ៏សំខាន់ ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសណ្តាប់ធ្នាប់ល្អ។

នេះជាកិច្ចប្រជុំចុងក្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ហើយភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំមានមកពី ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកសង្កេតការណ៍ជាភ្ញៀវពិសេសមកពីប្រទេសជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៦៨នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News