សេចក្តីប្រកាសព័ត៌មានលេខ ០៧៥ គ.ជ.ប.អគ្គ៖ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤  ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក ស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។ ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល និងយកព័ត៌មានពីតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាច្រើនរូប។

ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត តាមប្រភេទក្រុមប្រឹក្សានីមួយៗ និងមណ្ឌលបោះឆ្នោតដោយឡែកពីគ្នាយ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។ 

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗដែល គធ.ខប ទាំង២៥ រាជធានី ខេត្ត បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ. ១១១៦តពខ និង ទ. ១១១៦តពស) កំណត់ហេតុត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ. ១១១១ខ និង ទ. ១១១១ស) និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ. ១១១៤ខ និង ទ. ១១១៤ស) និងតារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត (ទ. ១១១០ខ) ឡើយ។  

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ដើម្បីពិនិត្យ សម្រេច និងប្រកាសផ្សព្វផ្សាយជាលទ្ធផលផ្លូវការ រួមនឹងការបែងចែកអាសនៈដែលគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនីមួយៗទទួលបាន ការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត បេក្ខជនជាប់ឆ្នោតជាប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕
 

ទាញយកកម្មវិធី(App) CamNEC News