នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារចំនួន ៥ ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើរបាយការណ៍ និងបានសម្រេច ដូចខាងក្រោម៖
១. កែសម្រួលខ្លឹមសារនៃរបាយការណ៍ ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
២. ឯកភាពលើតារាងចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ តាមតួលេខក្នុងតារាងនោះ អ្នកបានទៅបោះឆ្នោតចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩.៧៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១១.៦២២ នាក់។
៣. ឯកភាពលើសេចក្តីសម្រេច ស្តីពីការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
៤. ឯកភាពលើសេចក្តីសម្រេច ស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
៥. ឯកភាពលើសេចក្តីសម្រេច ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានទម្រង់បែបបទលេខ ១១១៨ ខ និងទម្រង់បែបបទ ១១១៨ ស។
ក្នុងរបៀបវារៈផ្សេងៗ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ក្រុមអ្នកនាំពាក្យ និងក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ត្រៀមឆ្លើយតបទៅនឹងបញ្ហានានាដែលពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងករណីមានមតិរិះគន់ដោយមិនសមហេតុផល លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នេះ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី៤ ខែមិថុនានេះ វេលាម៉ោង ៤:០០ រសៀល។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:០០ ព្រឹកនាថ្ងៃខែឆ្នាំដដែល៕