នារសៀលថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១៣:២៥ នាទី ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ (H.E. Ms. KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន រួមជាមួយឯកឧត្ដម អ៊ូអិណុ អាតស៊ូហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីជាច្រើនរូប ដើម្បីពិភាក្សាការងារ។
ជាដំបូង ឯកឧត្ដម ប្រាជ្ញ ចន្ទ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) ដែលបានផ្តល់កិត្តិយសមកជួបពិភាក្សាការងារដល់ទីស្តីការ គ.ជ.ប ។ ឯកឧត្ដម ប្រាជ្ញ ចន្ទ មានប្រសាសន៍បន្តថា ឯកឧត្តមសូមថ្លែងអំណរគុណដល់ប្រទេសជប៉ុន ក៏ដូចជាស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាពិសេសប្រជាជនជប៉ុន ដែលបានជួយប្រទេសកម្ពុជាពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតកន្លងមក តាមរយៈការផ្តល់ជំនួយផ្នែកបច្ចេកទេស សម្ភារ បរិក្ខារ ហិរញ្ញវត្ថុ និងអ្នកជំនាញការ សម្រាប់ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៨ ឆ្នាំ២០០២ ឆ្នាំ២០០៣ ឆ្នាំ២០០៧ និងនៅឆ្នាំ២០០៨ ដែលជំនួយទាំងនោះសរុបជាទឹកប្រាក់ជាង ១៣ លានដុល្លារ។ ជាងនេះទៅទៀត នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជប៉ុនបានបញ្ជូនជំនាញការ ចំនួន ២រូប ធ្វើការនៅ គ.ជ.ប ។ ឯកឧត្ដម បានបន្តថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៤ ប្រទេសជប៉ុនបានផ្តល់ជំនួយតាមរយៈ JICA ដោយបានបញ្ជូនជំនាញការមួយរូប ដើម្បីប្រឹក្សាយោបល់ផ្នែកអប់រំអ្នកបោះឆ្នោត ព្រមទាំងបានរៀបចំវគ្គអប់រំ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់សិស្ស និស្សិត និងភាគីពាក់ព័ន្ធ នៅតាមគ្រឹះស្ថានអប់រំ នៅតាមក្រុង ស្រុក ខណ្ឌ នៃបណ្តារាជធានី ខេត្តទូទាំងប្រទេស សរុបចំនួន ១៥៨ វគ្គ ដែលមានអ្នកចូលរួមជាងមួយម៉ឺននាក់។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ជម្រាបជូនបន្ថែមទៀតថា ជំនាញការជប៉ុនប្រចាំនៅ គ.ជ.ប បានសហការជាមួយ គ.ជ.ប ក្នុងការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃខេត្ត ចំនួន ៣ រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយមានរៀបចំបន្ទប់ និងបំពាក់សម្ភារ ឯកសារមួយចំនួន និងបើកដំណើរការជាសាធារណៈ សម្រាប់សិស្ស និស្សិត និងភាគីពាក់ព័ន្ធ មកសិក្សា ស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា ដោយសេរី។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនបន្តអំពីសារៈសំខាន់នៃជំនួយម៉ាស៊ីនមេ (Servers) របស់ជប៉ុនពិតជាមានប្រសិទ្ធភាព និងឥទ្ធិពលធំធេងលើកិច្ចការបោះឆ្នោត តាមរយៈការធ្វើទំនើបកម្មការរៀបចំការបោះឆ្នោត ដោយប្រើប្រាស់សម្ភារ បរិក្ខារ ក្នុងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាកន្លងមក។ ឯកឧត្ដម បានបន្តថា ការបោះឆ្នោតនៅកម្ពុជាចែកជាពីរដំណាក់កាល គឺចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤ កិច្ចប្រតិបត្តិការបច្ចេកទេសត្រូវបានធ្វើដោយដៃ និងដំណាក់កាលចាប់ពីក្រោយឆ្នាំ២០១៤ មក ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស។ ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ គ.ជ.ប បានបោះជំហានទៅរកការប្រើប្រាស់រួមបញ្ចូលបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោតដែលរួមមាន ការចុះឈ្មោះបោះឆ្នោត ការគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ការបូកសរុបលទ្ធផល នៃការបោះឆ្នោត ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងទីតាំងការិយាល័យបោះឆ្នោត ព្រមទាំងការងារជាច្រើនទៀត ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបន្តទៀតថា ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ គ.ជ.ប បានចាត់ចែង គ្រប់គ្រង និងរៀបចំការបោះឆ្នោតចំនួន ៤ នៅកម្ពុជា ទាំងការបោះឆ្នោតជាសកល ទាំងការបោះឆ្នោតជាអសកល ដែលត្រូវបានរួមបញ្ចូលបច្ចេកវិទ្យា ដើម្បីជាជំនួយដល់ការអនុវត្តដោយដៃរបស់មន្ត្រីបោះឆ្នោតមាន ដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤។ ក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មការងារបោះឆ្នោតនេះ ម៉ាស៊ីនមេ (Servers) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារគ្រប់គ្រង ចាត់ចែង និងរៀបចំកិច្ចការបច្ចេកទេសបោះឆ្នោត នៅដំណាក់កាលសំខាន់ៗ រួមមាន៖ ទី១. គឺការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលបញ្ជីបោះឆ្នោត គឺជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទី២. គឺការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលម៉ាស៊ីនមេ (Servers) បានដើរតួនាទីក្នុងប្រតិបត្តិការ គ្រប់គ្រងការងាររៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយគណបក្សនយោបាយ ការផ្ទៀងផ្ទាត់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតនានារបស់បេក្ខជន និងបញ្ជីគណបក្សនយោបាយដោយមន្ត្រីបោះឆ្នោត នៅក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលនឹងចូលរួមដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនានាដូចជាលក្ខខណ្ឌអាយុ លក្ខខណ្ឌមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការឈរឈ្មោះស្ទួន លើសពីមួយមណ្ឌល ឬលើសពីមួយគណបក្សរបស់បេក្ខជន ជាដើម។ ទី៣. គឺការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា ម៉ាស៊ីនមេ (Servers) ក៏ប្រតិបត្តិការផងដែរ ក្នុងការរក្សាទុកទិន្នន័យលទ្ធផលនៃការបោះឆ្នោតនានា សម្រាប់ គ.ជ.ប និងភាគីពាក់ព័ន្ធ ក្នុងការស្វែងរកតាមបណ្តាឆ្នាំនានា ដែលមានការបោះឆ្នោត គិតចាប់តាំងពីឆ្នាំ២០១៨ មក ព្រមទាំងការបង្ហោះផ្សព្វផ្សាយជាសាធារណៈ ។ ក្រៅពីនេះម៉ាស៊ីនមេ (Servers) ប្រើប្រាស់សម្រាប់គ្រប់គ្រងរបាយការណ៍ និងសំណុំឯកសារពាក់ព័ន្ធនឹងបណ្ដឹង និងការគ្រប់គ្រងការងាររដ្ឋបាលបោះឆ្នោត និងកិច្ចការជាច្រើនទៀត។ ជារួមប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាដែលបានរៀបរាប់ខាងលើនេះ ត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករជាមន្ត្រីបោះឆ្នោតនៅថ្នាក់ក្រោមរាប់ពាន់នាក់ទៅតាមដំណាក់កាលនីមួយៗ នៃការរៀបចំការបោះឆ្នោត ហើយប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសារប្រយោជន៍ និងសមិទ្ធផលនៃការងារគ្រប់គ្រង ចាត់ចែង និងរៀបចំការបោះឆ្នោតកន្លងមករបស់ គ.ជ.ប ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា ម៉ាស៊ីនមេ (Servers) ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ផ្តល់មក គ.ជ.ប នេះ បើយើងពិនិត្យលើរយៈពេលនៃការប្រើប្រាស់ គឺមានអាយុកាលជិតដប់ឆ្នាំហើយ (គិតដល់ឆ្នាំ២០២៥ Servers គ្រប់១០ឆ្នាំ) និងមានទិន្នន័យជាច្រើនត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនមេ (Servers) នេះ ដែលជាហេតុនាំឱ្យទំហំសម្រាប់រក្សាទិន្នន័យក្នុងម៉ាស៊ីនមេ (Servers) កាន់តែតូចចង្អៀត។ ទន្ទឹមនឹងនេះ សម្ភារ បរិក្ខារបច្ចេកទេសមួយចំនួនធំ ដែលគាំទ្រដល់ដំណើរការបោះឆ្នោត បានផុតរយៈពេលប្រើប្រាស់។ រីឯសម្ភារ បរិក្ខារបច្ចេកទេសមួយចំនួនទៀត ក៏លែងមានគ្រឿងបន្លាស់ផលិតលក់ក្នុងទីផ្សារ ដែលធ្វើឱ្យមានបញ្ហាប្រឈម។ ដូចនេះ គ.ជ.ប សម្រេចថា នឹងផ្លាស់ប្តូរ បំពាក់ឧបករណ៍ថ្មី ដែលតាមគម្រោងនឹងរៀបចំនៅដើមឆមាសទីពីរ ឆ្នាំ២០២៥ ។ ដោយសារ Servers ចាស់ ដែលជាជំនួយរបស់ជប៉ុន គ.ជ.ប សើ្នសុំជំនួយទៅជប៉ុនតាមរយៈស្ថានទូត ដើម្បីបំពាក់ជាថ្មីសម្រាប់រៀបចំការបោះឆ្នោតនៅពេលខាងមុខ ជាបន្តទៀត ។
បន្ទាប់មក លោកជំទាវ កាមិកាវ៉ា យ៉ូកុ បានថ្លែងអំណរគុណដល់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ចំពោះប្រសាសន៍ ដែលបានលើកឡើងយ៉ាងក្បោះក្បាយអំពីការបោះឆ្នោតនៅកម្ពុជា ជាពិសេសអំពីសារៈសំខាន់នៃម៉ាស៊ីនមេ (Servers) ហើយ លោកជំទាវ បានចាប់អារម្មណ៍បីចំណុច រួមមាន៖
• ទំនើបកម្មរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត
• ការចុះបញ្ជីគណបក្សនយោបាយ
• ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោត។
ទន្ទឹមនឹងនោះលោកជំទាវមានចម្ងល់ថា តើមានឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោតដែរឬទេ? តើ គ.ជ.ប មានធ្វើជំរឿនដែរឬទេ?
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា បញ្ជីបោះឆ្នោតបច្ចុប្បន្នមានគុណភាព ៩៩,៩៩% គឺមិនមានឈ្មោះស្ទួនទេ។ ហើយ គ.ជ.ប បានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ។ ចំពោះការធ្វើជំរឿន គឺស្ថាប័នរាជរដ្ឋាភិបាលជាអ្នកធ្វើ ហើយ គ.ជ.ប យកទិន្នន័យនោះមកផ្ទៀងផ្ទាត់ជាមួយទិន្នន័យក្នុងបញ្ជីបោះឆ្នោត គ.ជ.ប។
ជាចុងក្រោយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ សង្ឃឹមថា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដែលជាឆ្នាំបោះឆ្នោតសកល គ.ជ.ប ពិតជារៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ជាបន្តទៀត។
មុននឹងបញ្ចប់សវនាការ ភាគីទាំងពីរបានថ្លែងអំណរគុណទៅវិញទៅមកចំពោះការចំណាយ ពេលវេលាដើម្បីជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារប្រមាណ ៤០ នាទី បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាល៕