គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។
ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់នៅ គ.ជ.ប។
ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
- ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មានដែលមានសុពលភាព
- លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព
- ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬសាមីអង្គភាព ដែលមានសុពលភាព និងទទួលស្គាល់ដោយក្រសួងព័ត៌មាន
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
- ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។
ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
- ច្បាប់ចម្លងនៃលិខិតឆ្លងដែន
- បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន។
ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖
- ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន ដែលមានសុពលភាព
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
- អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ (បី) អត្ថបទ។
ពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/8420។
នៅពេលបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@nec.gov.kh ឬ Telegram (០៩៣ ៨០២ ៧៣៤)។
កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ ៖
- អ្នកសារព័ត៌មានជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
- អ្នកសារព័ត៌មានអន្តរជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបជាព័ត៌មាន៕