សេចក្តីប្រកាសព័ត៌មានលេខ ០៨០ គ.ជ.​ប.អគ្គ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប បានបិទបញ្ចប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” ដែលបានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប។

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនារសៀលថ្ងៃនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានជំនាញ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានសហការ និងចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ នេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងកម្មវិធីដែលបានកំណត់។ 

ឯកឧត្ដមបានមានប្រសាសន៍ណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះហើយ ត្រូវត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងភាគីពាក់ព័ន្ធតាមផែនការ និងប្រតិទិនដែលបានកំណត់។ ទន្ទឹមនឹងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមគោលការណ៍ណែនាំរបស់ គ.ជ.ប ។

ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

ឯកឧត្ដមបានជម្រាបជូនទៀតថា គ.ជ.ប រៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ តាមកាលកំណត់នៃច្បាប់ តាមរយៈ៖
­    ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី 

­   - ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវ

­   - ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោត ពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព

­   - ការផ្ទេរការិយាល័យបោះឆ្នោត ពីភូមិមួយទៅភូមិមួយក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង

­   - ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។

វគ្គបណ្ដុះបណ្ដាលខាងលើនេះមានសិក្ខាកាមជាគ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប សរុបចំនួន ៦០ នាក់។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” នឹងត្រូវរៀបចំនៅថ្នាក់ គ.ជ.ប ចំនួន ១ លើកទៀត សម្រាប់ លធ.ខប និងតំណាងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ មុននឹងបន្តរៀបចំនៅថ្នាក់រាជធានី ខេត្ត នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៤ សម្រាប់រាជធានី ខេត្ត ចំនួន ១៣ និងនៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤ សម្រាប់ខេត្តចំនួន ១២ ទៀត៕
 

ទាញយកកម្មវិធី(App) CamNEC News