សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ​ ០៣៤ គ.ជ.ប​ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ និងការចុះឈ្មោះអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប បានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៥៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងបានរៀបចំផែនការមេ ព្រមទាំងបានកំណត់នូវប្រតិទិនការងារដែលត្រូវ បំពេញតាមដំណាក់កាលនីមួយៗនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងបានចែកជូនអង្គប្រជុំរួចហើយ។ ដោយឡែក សាធារណជន និង ភាគីពាក់ព័ន្ធនានាក៏អាចទាញយកប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬក៏អាចយកពីបណ្តាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប ផងដែរ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព ដែលរួមមាន៖

• ការចុះឈ្មោះបោះឆ្នោតគឺ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

• ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះ៖

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់តា្រមិនបានត្រឹមត្រូវ

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យក្នុងភូមិតែមួយ

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់ លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួស   សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងមក បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។

អំពីការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣១ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែសីហា  ឆ្នាំ២០២៤។ គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនោះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលរួមមាន៖

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់  អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ហើយដែលបានប្រើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិន បើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាច ស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ឯកឧត្ដម បានបន្តថា ដើម្បីធានាដល់ដំណើរការនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ និងទាន់ពេលវេលា គ.ជ.ប បានផលិតលិខិតអញ្ជើញអ្នកបោះឆ្នោតចំនួន ៩.៨៧១.៤៩៥ សន្លឹក ស្មើនឹងចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃនេះ លិខិតអញ្ជើញរួមទាំងសម្ភារឯកសារមួយចំនួនទៀតដែលពាក់ព័ន្ធ ត្រូវបានដឹកជញ្ជូនទៅដល់ឃុំ សង្កាត់នៃបណ្តារាជធានី ខេត្តរួចរាល់ហើយ។

អំពីការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់ជូនអំពីរបៀប បែបបទនីតិវិធី និងកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ ដែលការដាក់ពាក្យសុំចុះឈ្មោះនោះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ រីឯការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះពាក្យសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ។

ជាចុងក្រោយដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ  ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖ 

- សូមគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមផ្សព្វផ្សាយ 

ជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចុះឈ្មោះ និងប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) មកចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ចូលរួមពិនិត្យតាមដានដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ

- សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ

- សូមណែនាំបន្ថែមដល់មន្រ្តីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សូមបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត

- សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត ជួយផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងកិច្ចសហការចូលរួមបានគ្រប់គ្នា។

ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម ដោយអនុវត្តស្របតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្តីណែនាំផ្សេងៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងនឹងទទួលបានជោគជ័យក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការ-ដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នoងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន ៧ គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគមចំនួន ១២ អង្គការសមាគម   តំណាងស្ថានទូតជប៉ុន និងតំណាងស្ថានទូតរុស្សី ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួនប្រមាណ ៥០ នាក់៕ 
 

ទាញយកកម្មវិធី(App) CamNEC News