គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ ៖
- ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ៖
- ដែលបានទទួលមរណភាព
- ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
- ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។
- ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ។
- ការចុះឈ្មោះបោះឆ្នោត សំដៅលើ ៖
- ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦)
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន ៕