នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការបិទផ្សាយបញ្ជីទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត ព្រមទាំងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។
ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ដូចដែល គ.ជ.ប ធ្លាប់ធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ឯកឧត្ដម បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥ (ប្រាំបួនលាន ប្រាំបីរយចិតសិបមួយពាន់ បួនរយកៅសិបប្រាំ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.២៤០.៩៧៩ (ប្រាំលាន ពីររយសែសិបពាន់ ប្រាំបួនរយចិតសិបប្រាំបួន) នាក់។ ឯកឧត្តម បន្តទៀតថា នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ តាមមធ្យោបាយរបស់ គ.ជ.ប រួមមាន ផ្សព្វផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH) ផ្សព្វផ្សាយតាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយនឹងត្រូវធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដូចបានជម្រាបជូនខាងលើ។
អំពីការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍បន្តថា ការស្រង់ស្ថិតិប្រជាពលរដ្ឋ មានគោលបំណងស្រង់ចំនួនប្រជាពលរដ្ឋរួមដែលមានសិទ្ធិបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត។ ការស្រង់ស្ថិតិប្រជាពលរដ្ឋនេះទៀតសោត ក៏មានគោលបំណង កំណត់ និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ និងចំនួនអ្នកដែលអាចមកសុំចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
ឯកឧត្ដម បានបន្តទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស គ.ជ.ប ទទួលបានលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ដែលក្នុងនោះ៖
• ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១១.២១៨.០៦៩នាក់ ក្នុងនោះស្រីមានចំនួន ៥.៨៤៨.៧២៩នាក់
• ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥នាក់
• ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៤ មានចំនួន ២២៤.១៥៦នាក់
• ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៩.៩៦៨នាក់
• ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានឆ្នាំ២០២៤ មានចំនួន ២៤.១៨៨ការិយាល័យ។
ចំពោះការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត នឹងត្រូវធ្វើការផ្សព្វផ្សាយព្រមគ្នាជាសាធារណៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.nec.gov.kh។
ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍បន្តទៀតថា គ.ជ.ប បានចាត់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យថតចម្លង បិទផ្សាយ និងផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.ប នូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់មួយ ឬច្រើន ដោយត្រូវបង់ថ្លៃត្រឹមថ្លៃផលិត បន្ទាប់ពីពេលដែលបញ្ជីនេះត្រូវបានបោះពុម្ពផ្សាយ។
អំពីការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ថា ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នៅតាមភូមិ ក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣១ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម បន្តថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ បានចំនួន ៦.២៨៧.១៤២នាក់ ស្មើនឹង ៦៣,៦៩ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។
ជាចុងក្រោយ ឯកឧត្ដម ជឺ ចំណាន តាងនាម គ.ជ.ប ឯកឧត្តម បានអំពាវនាវដោយសេចក្តីគោរព ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ ឬកើតមុនថ្ងៃ ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក សូមអញ្ជើញទៅពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័រ គ.ជ.ប (voterlist.nec.gov.kh) ឬតាមកម្មវិធីទូរសព្ទ NEC KH។ ឯកឧត្ដម ក៏បានសំណូមពរដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋ ជួយសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តប្រកបដោយរលូន តម្លាភាព ជោគជ័យ និងសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្ដម បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមចូលរួមផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការចុះឈ្មោះបោះឆ្នោត។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយចំនួន ១១ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៥ ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួនប្រមាណ ៥៧ នាក់៕