នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ រាជធានី ខេត្ត និងតំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប ។
ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ មានប្រសាសន៍ថា នៅខែកញ្ញា ខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ដែលការងារនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដមបានជម្រាបជូនថា ការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ គ.ជ.ប បានកំណត់អាយុ ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦។ ឯកឧត្ដមបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។
ក្រៅពីការចុះឈ្មោះបោះឆ្នោតតាមករណីខាងលើនេះ ឯកឧត្ដម ម៉ុក ដារ៉ា បានបញ្ជាក់បន្ថែមថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព គ.ជ.ប ក៏ត្រូវអនុវត្តការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៤០ នាក់៕