សេចក្តីបំភ្លឺលេខ ០៨៥ គ.ជ.ប.អគ្គ៖ សូមច្រានចោលការចោទប្រកាន់ថា គ.ជ.ប មានទីប្រឹក្សាជាអតីតជនជាតិវៀតណាម

នៅប៉ុន្មានម៉ោងមុននេះ មានគណនី Facebook មួយឈ្មោះ “អវតា ស” បានផ្សព្វផ្សាយប្រឌិតរឿងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឈ្មោះ ជិន សារិន អតីតជនជាតិវៀតណាម ជាទីប្រឹក្សា គ.ជ.ប ។ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់គណនី Facebook នេះ ដែលថា ឈ្មោះ ជិន សារិន ជាអតីតជនជាតិវៀតណាម កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៤ កំពុងធ្វើការជាទីប្រឹក្សានៅ គ.ជ.ប។

សូមជម្រាបថា បច្ចុប្បន្ននៅ គ.ជ.ប មានមន្ត្រីមួយរូប ឈ្មោះ ជិន សារិន ដែលគាត់បានចូលបម្រើការងារតាំងពីឆ្នាំ១៩៩៨ និងកើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣។ ការចុះផ្សាយរបស់គណនី Facebook  ឈ្មោះ “អវតា ស”  ជាព័ត៌មានមិនពិត ដែលមានចេតនាអាក្រក់ ពិសពុល និងជាការបរិហារកេរ្ត៍ ចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដែលអាចនាំឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។

គ.ជ.ប សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយនេះ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប។

គ.ជ.ប សូមធានាអះអាងថា តាំងពីឆ្នាំ១៩៩៨មក គ.ជ.ប បានរៀបចំការបោះឆ្នោតសរុបចំនួន ១៩ លើក យ៉ាងទៀងទាត់ ទៅតាមអាណត្តិ និងតាមច្បាប់ ដោយស្មារតីឯករាជ្យ អព្យាក្រឹត សច្ច: យុត្តិធម៌ និងតម្លាភាព ដូចមានចែងក្នុងបាវចនារបស់ខ្លួន៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore