វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
នៅក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន និងអង្គភាពជំនាញ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ គឺជាឆ្នាំទីប្រាំបួនហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ហើយ គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ តាមការកំណត់នៃច្បាប់ ដើម្បីធានាឱ្យបាននូវភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈ៖
- ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន ឬទើបគ្រប់អាយុ ១៨ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
- ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវតាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
- ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោត ពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព
- ការផ្ទេរការិយាល័យបោះឆ្នោតក្នុងភូមិ ឬពីភូមិមួយទៅភូមិមួយក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង និង
- ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។
ឯកឧត្ដមបានបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។
ឯកឧត្ដមអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៦ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
មុនប្រកាសបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានណែនាំដល់ លធ.ខប ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅដល់មន្រ្តី លធ.ខប ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានស្នើសុំទៅភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ សម្រេចបានជោគជ័យ ដើម្បីរៀបចំបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជាសកលនាពេលខាងមុខទៀត ។
សិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ រួមមាន ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប និងមន្ត្រី គ.ជ.ប ចំនួន ១០៩ នាក់ តំណាងគណបក្សនយោបាយ ចំនួន ១៣ នាក់ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣ នាក់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ៥ នាក់ សរុបចំនួន ១៤០ នាក់៕