នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូអប់រំដែលអគ្គនាយកដ្ឋានជំនាញបានផលិតរួចសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
អង្គប្រជុំ គ.ជ.ប បានពិនិត្យលើខ្លឹមសារវីដេអូអប់រំដែលបានផលិតរួច និងពិភាក្សា ម្តងមួយរឿងៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើខ្លឹមសារវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ រួមមាន៖
-បទទី១ “បញ្ជីបោះឆ្នោតចុងក្រោយ”
-បទទី២ “ឆ្នាំនេះខ្ញុំទៅចុះឈ្មោះបោះឆ្នោត”
-បទទី៣ “បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ”។
២.ឯកភាពលើខ្លឹមសារវីដេអូគំនូរជីវចល ចំនួន ៣រឿង រួមមាន៖
-រឿងទី១ “ឆ្នាំ២០២៤ ខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត”
-រឿងទី២ “ផ្ទេរឈ្មោះបោះឆ្នោតមកឃុំ ថ្មី”
-រឿងទី៣ “យើងទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
៣.កែសម្រួលរូបភាពរឿងទី១ និងឯកភាពលើខ្លឹមសារវីដេអូរឿងអប់រំខ្លី រួមមាន៖
-រឿងទី១ “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ”
-រឿងទី២ “ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ”
-រឿងទី៣ “ឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ”។
៤.ឯកភាពលើខ្លឹមសារវីដេអូខ្នាតវែង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៤។
៥.ឯកភាពលើខ្លឹមសារវីដេអូមានចំណងជើងថា ដុកទ័រវ៉ូត (Dr. Vote)។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:៥៦ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕