នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីការងារសន្ដិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងសភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព គ្មានការភិតភ័យ ឬការបំភិតបំភ័យ ដូចជា គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដាក់ចេញនូវផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ឯកឧត្តម បន្តថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ដោយបានចាត់វិធានសំខាន់ៗ មានដូចជា៖
១. មុខសញ្ញាសំខាន់ៗដែលត្រូវការពារ
២. គោលដៅសំខាន់ៗដែលត្រូវការពារ
៣. អំពីការរៀបចំយន្តការ/រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៅរាជធានី ខេត្ត
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី ខេត្ត សម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើជាសេនាធិការ ត្រូវគ្រប់គ្រង ដឹកនាំ និងបញ្ជាគ្រប់យន្តការ រចនាសម្ព័ន្ធសន្តិសុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាលការពារ និងកម្លាំងកងរាជអាវុធហត្ថតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប។
អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ ថា គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ស្តីពីគណបក្ស- នយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ (ដប់) ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ ដូចនេះ ផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារ តាមទម្រង់បែបបទលេខ ១០០៧ ដែលផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចអនុញ្ញាតលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរួចហើយ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវផ្តល់បណ្ណសម្គាល់ខ្លួនជូនភ្នាក់ងារគណបក្សនយោបាយតែ ២ (ពីរ) បណ្ណប៉ុណ្ណោះ គឺ ១ (មួយ) បណ្ណ សម្រាប់ភ្នាក់ងារពេញសិទ្ធិ និង ១ (មួយ) បណ្ណ សម្រាប់ភ្នាក់ងារបម្រុង។ បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ មានសុពលភាពប្រើប្រាស់បានតែក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ ភ្នាក់ងារពេញសិទ្ធិ ១ (មួយ) រូប នៃគណបក្សនយោបាយនីមួយៗ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។ ភ្នាក់ងារបម្រុង ១ (មួយ) រូប ត្រូវបានអនុញ្ញាតឱ្យចាំនៅក្រៅការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុងករណីត្រូវផ្លាស់ប្តូរ ឬអវត្តមាន។ ឯកឧត្ដម បានបញ្ជាក់បន្ថែម អំពីលក្ខខណ្ឌសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺត្រូវ៖
- មានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលភ្នាក់ងារនោះត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
- មានសមត្ថភាពអាចបំពេញការងារបាន តាមការធានារបស់គណបក្សនយោបាយ
- បានទទួលការហ្វឹកហ្វឺនជាភ្នាក់ងារគណបក្សនយោបាយ តាមការធានារបស់គណបក្សនយោបាយសាមី
- មានឈ្មោះក្នុងបញ្ជីភ្នាក់ងារគណបក្សនយោបាយតែមួយ។
ចំពោះអ្នកមិនអាចធ្វើជាភ្នាក់ងារគណបក្សនយោបាយ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ឯកឧត្តម បានជម្រាបជូនទៀតថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
អំពីសភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាមានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតអសកល ចំនួន ២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ពេលថ្មីៗកន្លងទៅ។ កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ចាត់ចែង ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។ ពិនិត្យជារួម ការងារមួយចំនួនយើងបានអនុវត្តរួចរាល់ហើយការងារមួយចំនួនទៀត យើងត្រៀមនឹងអនុវត្តជាបន្តបន្ទាប់ ដែលមានដូចជា៖
- ការរៀបចំបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផែនការមេ ប្រតិទិនការងារ និងឯកសារគតិយុត្តផ្សេងទៀត សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត
- ការបញ្ជាទិញសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
- ការរៀបចំវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ទាំងនៅទីស្ដីការ គ.ជ.ប នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមឃុំ សង្កាត់
- ការស្រង់ស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ និងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត
- ការបោះពុម្ព និងចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣
- ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់
- ការរៀបចំដឹកជញ្ជូនសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ អំពីការគ្រោងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងការចែកលិខិតអញ្ជើញដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ គ.ជ.ប បានបញ្ជាក់ជូនថា តួលេខ (៥៩.៩៦៨) ដែលគ្រោងលុបឈ្មោះ គ្រាន់តែជាការប៉ាន់ស្មាននៅឡើយទេ ការងារនេះ គឺថ្នាក់ឃុំ សង្កាត់ ជាអ្នកស្រង់ឈ្មោះអ្នកស្លាប់ អ្នកផ្លាស់ប្តូរទីលំនៅ រួចបញ្ជូនមក គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បី គ.ជ.ប ពិនិត្យ និងសម្រេច។ ចំពោះការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺ គ.ជ.ប ចែកលិខិតអញ្ជើញនោះ តែអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ដើម្បីឱ្យពួកគាត់មកពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ រីឯអ្នកទើបគ្រប់អាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (អ្នកកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) គ.ជ.ប អំពាវនាវឱ្យពួកគាត់មកចុះឈ្មោះបោះឆ្នោត។
ជាចុងក្រោយក្នុងនាម គ.ជ.ប និងក្នុងនាម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួមដាក់តំណាងរបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងគណបក្សនយោបាយ ចំនួន ៨ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៦ ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួនប្រមាណ ៥៨ នាក់៕