សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣៩ គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ 


ឯកឧត្ដម មាន សទិ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ មានរយៈពេល ១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និង ទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ឯកឧត្ដម បន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និង     ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មិនបានបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។
អំពីនីតិវិធីចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឯកឧត្ដម មាន សទិ បានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត គឺសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌ ដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោត នឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោត រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។


អំពីការបញ្ជូនទិន្នន័យមក គ.ជ.ប ឯកឧត្ដម មាន សទិ បានមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។ ឯកឧត្តម បន្តថា នីតិវិធីនៃការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រមានភាពងាយស្រួល និងច្បាស់លាស់។ លើសពីនេះ     គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នានៅទូទាំងឃុំ សង្កាត់ក្នុងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។


អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ឯកឧត្ដម មាន សទិ បានមានប្រសាសន៍ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ឬ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាង បញ្ជាក់ថា មានភាពមិនប្រក្រតីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ ឯកឧត្តម បន្តថា យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត មាន ៣ថ្នាក់ គឺថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
អំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ ឯកឧត្ដម មាន សទិ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត បានចំនួន ៩.០១២.៨៤២នាក់ ស្មើនឹង ៩១,៣០%។ ការចែកលិខិតអញ្ជើញតាមភូមិត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះហើយ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា គ.ជ.ប បានត្រៀមការងាររួចអស់ហើយ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ រួមមាន ច្បាប់ នីតិវិធី សម្ភារ បច្ចេកទេស ការបណ្តុះបណ្តាល ការផ្សព្វផ្សាយអប់រំសាធារណជន ព្រមទាំងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារសម្រេចបានលទ្ធផលល្អ។ 


ជាចុងក្រោយ ក្នុងនាម គ.ជ.ប ឯកឧត្តម មាន សទិ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានលទ្ធផលជោគជ័យ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងគណបក្សនយោបាយ ចំនួន ១០ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១១ ព្រមទាំងអ្នកសារព័ត៌មាន ចំនួន ១២ អង្គភាព សរុបអ្នកចូលរួមចំនួនប្រមាណ ៦០ នាក់៕ 

ទាញយកកម្មវិធី(App) CamNEC News