នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ សង្កាត់ទាំង ១.៦៥២ ។ តាមរបាយការណ៍ពីលេខាធិការ-ដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលា-ឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ មានរយៈពេល ១៦ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។
សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។
ចំពោះប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់៕