នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រង ដែលបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក។ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំនោះ ព្រមទាំងមានសំណេះសំណាល និងមតិណែនាំដល់មន្ត្រី គ.ជ.ប ដែលមានខ្លឹមសារជាអាទិ៍ដូចខាងក្រោម ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា តាងនាម គ.ជ.ប និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីបិទកិច្ចប្រជុំណែនាំស្តីពី “ការពង្រឹងការងារគ្រប់គ្រង” ជូនដល់ប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតនាឱកាសនេះ។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំណែនាំរបស់ឯកឧត្តម
អគ្គលេខាធិការរង គ.ជ.ប ឯកឧត្តមប្រធាន គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំណែនាំ ដែលបានប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីកំណត់ ហើយសិក្ខាកាមទាំងអស់ក៏មានការយល់ដឹងច្រើនអំពីការងារគ្រប់គ្រង ដែលរួមមានការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារប្រតិបត្តិការ គ្រប់គ្រងទិន្នន័យ និងសេវាកម្មច្បាប់ ព្រមទាំងការងារបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តថា ចាប់តាំងពីឯកឧត្តមត្រូវបានសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន គ.ជ.ប និងចូលកាន់តំណែងក្នុងអាណត្តិដំបូងជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបានធ្វើការប្តេជ្ញាថា “រូបខ្ញុំនឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័ន គ.ជ.ប និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ”។ ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ក្នុងឱកាសចូលកាន់តំណែងសមាសភាព គ.ជ.ប អាណត្តិថ្មី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបានលើកឡើងថា “ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តីក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨”។ ក្នុងរយៈពេលបីឆ្នាំជាងមកនេះ ឯកឧត្តមប្រធាន គ.ជ.ប បានដឹកនាំស្ថាប័នរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល និងការបោះឆ្នោតឡើងវិញជាបន្តបន្ទាប់ ដែលរួមមានការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រកបដោយភាពជោគជ័យជាទីមោទនៈ។
ឯកឧត្ដម បានលើកឡើងទៀតថា ក្នុងនោះការបោះឆ្នោតជាសកលលើកចុងក្រោយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសុខភាពសាធារណៈ មានការវិវត្តល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួល និងបើកទូលាយ សម្រាប់គ្រប់គណបក្សនយោបាយដែលមានគុណវុឌ្ឍិស្របតាមច្បាប់ជាធរមាន អាចចូលរួមប្រកួតប្រជែង ដោយសេរី និងដោយស្មើភាព។ នៅក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត ហើយបន្ថែមលើនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព” “ការបោះឆ្នោតសកលឆ្នាំ២០២៣ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃមានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន”...។ល។ កត្តាទាំងនេះហើយជាសូចនាករបង្ហាញពីជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោត ដែលជាការរួមចំណែករបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
ឯកឧត្ដម បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការតស៊ូលះបង់ និងឆន្ទៈរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត។ នៅចន្លោះពេលនេះ ទោះបីជា គ.ជ.ប មិនមានរៀបចំការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨។ ហេតុនេះហើយទើប គ.ជ.ប រៀបចំកិច្ចប្រជុំណែនាំនាពេលនេះឡើង សម្រាប់មន្រ្តី គ.ជ.ប ជាពិសេសប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃ លធ.ខប សំដៅពង្រឹងសមត្ថភាព និងតម្រង់ទិសមន្រ្តីថ្នាក់គ្រប់គ្រងតាមរាជធានី ខេត្ត ក្នុងការដឹកនាំ និងគ្រប់គ្រងអង្គភាពរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព។
ឯកឧត្ដម បានផ្តាំទៅសិក្ខាកាមទាំងអស់ត្រូវចងចាំថា ការយល់ដឹងតែលើផ្នែកច្បាប់ បទបញ្ជា និងនីតិវិធីតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ទេ ការងារគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាពគឺទាមទារឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ និងសីលធម៌ស្មារតី ស្មារតីការងារជាក្រុម សាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ការគ្រប់គ្រង និងប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ ការលើកទឹកចិត្ត ការចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងការគោរពតួនាទី ភារកិច្ច និងឋានានុក្រមការងារជាដើម។ល។
ជាទីបញ្ចប់ ឯកឧត្ដមប្រធាន គ.ជ.ប បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំណែនាំនេះទៅ ប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃ លធ.ខប នឹងមានការយល់ដឹងកាន់តែច្រើនពាក់ព័ន្ធនឹងការងារគ្រប់គ្រង ព្រមទាំងយកចំណេះដឹង ក៏ដូចជាបទពិសោធនល្អៗទាំងនេះទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតាមអង្គភាពរៀងៗខ្លួន សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “ការបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត” ដើម្បីរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការធានាបាននូវស្ថិរភាព និងសន្តិភាព សំដៅជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំណែនាំនោះ រួមមាន ប្រធាន អនុប្រធាន និងប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស និងប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ លធ.ខប និងមន្រ្តី គ.ជ.ប សរុបចំនួនប្រមាណជាង ១៤០នាក់៕