សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យលេខ ០៤១ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រយៈពេល ១១ថ្ងៃ កន្លងមក

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ឆ្នាំ២០២៤ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមនានាក្នុងដំណើរការនេះ។ 

  

ឯកឧត្ដម ហេង ស៊ីឡេង បានមានប្រសាសន៍ថា ក្នុងរយៈពេល ១១ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នៅទូទាំងប្រទេស គ.ជ.ប បានកត់សម្គាល់ឃើញថា មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅរលូនល្អ។ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ ភាគីពាក់ព័ន្ធនានា បានចូលរួមយ៉ាងសកម្មតាមភារកិច្ចរៀងៗខ្លួន។ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងច្រើនកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ អ្នកសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងទូលំទូលាយធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករ។ ឯកឧត្តម បានបន្តថា គ.ជ.ប បានដាក់ចេញនូវវិធានការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបាននូវសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលបំពេញបានលក្ខខណ្ឌត្រឹមត្រូវតាមការកំណត់នៃច្បាប់។

 

អំពីស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្ដម ហេង ស៊ីឡេង បានលើកឡើងថា កម្លាំងការពារមានចំនួនសរុប ១០.០៦២នាក់ ក្នុងនោះគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។ ក្នុងគោលបំណងឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តនីមួយៗ បានដាក់ចេញនូវផែនការការពារ សន្តិសុខ ចាត់វិធានការនានា និងរៀបចំកម្លាំងការពាររៀងៗខ្លួន។ ជារួមសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ ហើយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តនូវវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗបានល្អស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។

 

អំពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ ឯកឧត្ដម ហេង ស៊ីឡេង បានជម្រាបជូនក្នុងកិច្ចប្រជុំថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានភ្នាក់ងារគណបក្សនយោបាយ សរុបចំនួន ៣.៧៣៨នាក់ ក្នុងនោះស្រីមានចំនួន ១.០៩៣នាក់។ អ្នកសង្កេតការណ៍ជាតិអន្តរជាតិ សរុបចំនួន ១.៩១០នាក់ ក្នុងនោះស្រីចំនួន ៦៨៩នាក់ និងអ្នកសារព័ត៌មានជាតិអន្តរជាតិ សរុបចំនួន ២១នាក់ ស្រី ៥នាក់។ ចំពោះការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងថ្នាក់ គ.ជ.ប ពុំទទួលបានពាក្យបណ្តឹងទេ។

 

ឯកឧត្ដម ហេង ស៊ីឡេង បានជម្រាបជូនក្នុងកិច្ចប្រជុំបន្តទៀតថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ គ.ជ.ប ទទួលបានលទ្ធផលបណ្តោះអាសន្ន ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១៣៦.២៧១នាក់ ស្រី ៦៨.៦៣៥នាក់

-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨៦.០៧៩នាក់

-អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ២០.៥៥៧នាក់

-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបមានចំនួន ៣៧.៨៨៥នាក់

-សរុបអ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មានចំនួន ៩.៩៥៩.៥៧២នាក់ ស្រី ៥.២៨៧.៨៣៨នាក់ ស្មើនឹង ៨៨,៧៨% ធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១១.២១៨.០៦៩នាក់។

 

អំពីបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ហេង ស៊ីឡេង បានបញ្ជាក់ថា ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញការងារ ប្រកបរបរប្រចាំថ្ងៃ និងប្រកបរបរចិញ្ចឹមជីវិតចំណាកស្រុក បូករួមនិងផ្ទះប្រជាពលរដ្ឋមានចម្ងាយឆ្ងាយពីសាលាឃុំ សង្កាត់ផងដែរ។ សម្ភារបរិក្ខារ សម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការរអាក់រអួល ជាពិសេស Finger Print។ ឃុំ សង្កាត់មួយចំនួននៅតំបន់ដាច់ស្រយាលមានសេវាអ៊ីនធឺណិតខ្សោយពិបាកក្នុងការបញ្ជូនទិន្នន័យតាម VPN មក គ.ជ.ប។ ឃុំ សង្កាត់ខ្លះ មានភ្លៀងធ្លាក់ពីតិចទៅច្រើន មានផ្គររន្ទះ ខ្យល់កន្រ្តាក់ បង្កជាផលរំខានមួយចំនួនដល់មន្រ្តីក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងពេលចល័តការិយាល័យតាមភូមិ និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត។ ក្រុមចុះឈ្មោះបោះឆ្នោត បានចុះចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅកាន់ភូមិដាច់ស្រយាលតំបន់ព្រៃភ្នំ ធ្វើឱ្យសេវាទូរសព្ទមិនសូវមាន និងដំណើរការរអាក់រអួល។ ទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ ក.ច.ប ប៉ុន្តែក៏មិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះឡើយ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។

 

គ.ជ.ប បានបញ្ជាក់ជូនភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះថា នៅពេលដែលផុតកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត គឺត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោត មិនអាចចុះឈ្មោះបោះឆ្នោតបានទេ។ ឆ្នាំ២០២៤ នេះ ជាឆ្នាំមិនមានការបោះឆ្នោតជាសកល ដូច្នេះការចុះឈ្មោះបោះឆ្នោត មានរយៈពេលខ្លី ត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ។

 

ជាចុងក្រោយ ឯកឧត្ដម ហេង ស៊ីឡេង បានវាយតម្លៃខ្ពស់ជារួមថា ក្នុងរយៈពេល ១១ថ្ងៃកន្លងមកនេះ មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពបំពេញការងារតាមតួនាទីរៀងៗខ្លួន។  ឯកឧត្ដម បានកោតសរសើរផងដែរដល់មេភូមិ ដែលបានខិតខំផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប តាមការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នូវនីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ឯកឧត្ដម បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។ 

 

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងគណបក្សនយោបាយ ចំនួន ៨ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៥ ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួនប្រមាណ ៤០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News