សេចក្តីជូនដំណឹងលេខ​ ០៨៥ គ.ជ.ប.ស.ជ.ណ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុង បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅ  ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។


ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។


ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង រយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ( ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយ )។


* ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យដែលពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។


* ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែ ជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។


បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានបិទផ្សាយ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទ (App) NEC KH។


អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន៕
 

ទាញយកកម្មវិធី(App) CamNEC News